ព័ត៌មានទាន់ហេតុការណ៍៖

មហាបាតុកម្មប្រឆាំងរដ្ឋាភិបាល ស៊ូដង់ ក្លាយជាហឹង្សា

ចែករំលែក៖

ប្រទេសស៊ូដង់៖ បាតុកម្មប្រឆាំងរដ្ឋាភិបាល​ស៊ូដង ក្លាយទៅជាអំពើហឹង្សាក្រោយពេលប៉ះទង្គិចគ្នារវាង កម្លាំង សន្តិសុខ និងក្រុមបាតុករ កាលពីថ្ងៃទី​១៧ខែមករា កន្លងមក ។ បាតុករគប់ដុំថ្ម បានប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ ស៊ូដង់ ក្នុងរដ្ឋធានី Khartoum ។ នេះជាបាតុកម្មថ្មីបំផុត ប្រឆាំងការកាន់អំណាចរបស់ប្រធានាធិបតី Omar al-Bashir ។ បាតុកម្មនេះបានផ្ទុះឡើងអូសបន្លាយពេលមួយខែកន្លងមកហើយ ។
បាតុកម្មបានកើតឡើងផងដែរ នៅទីក្រុង៣ផ្សេងទៀត ក្នុងរយៈពេល៤សប្តាហ៍មកនេះ ដែលបានធ្វើឲ្យក្តៅគូថយ៉ាងខ្លាំងដល់កៅអីតំណែងប្រធានាធិបតី Bashir ក្រោយពីគាត់ធ្វើរដ្ឋប្រហារដណ្តើមអំណាចគ្រប់គ្រងឆ្នាំ១៩៨៩មកនោះ ។
កម្លាំងសន្តិសុខស៊ូដង់បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករច្រើនរយនាក់ ដែលអ្នកខ្លះគ្រវែងដុំថ្ម ។ បាតុករម្នាក់ជាគ្រូបង្រៀនអាយុ៤៧ឆ្នាំនិយាយថា «យើងនឹងបន្តបាតុកម្មរហូតរដ្ឋាភិបាលមួយនេះចុះចេញ ពីព្រោះយើងចង់ផ្តល់ឲ្យជីវិតដ៏ប្រសើរមួយ ដល់កូនចៅរបស់យើងនៅជំនាន់ក្រោយ»
បាតុកររាប់រយនាក់ទៀត ក៏នាំគ្នាដង្ហែក្បួនបាតុកម្មផងដែរនៅក្នុងទីក្រុង al-Qadarif, Athara និង Al-Ubayyid ហើយសាក្សីខ្លះនិយាយថា បានទទួលរងនូវការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពីសំណាក់កងកម្លាំងសន្តិសុខផងដែរ ។
បាតុកម្មនេះបានធ្វើឡើងនៅទូទាំងស៊ូដង់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ ហើយកងកម្លាំងសន្តិសុខ ក៏បានប្រើប្រាស់នូវគ្រាប់រំសេវពិត ដើម្បីបំបែកក្រុមបាតុករ ។ តួលេខផ្លូវការចំពោះអ្នកស្លាប់នៅក្នុងករណីហិង្សានេះ បានកើនឡើង២៤នាក់ ក្នុងនោះមានសន្តិសុខ២នាក់ដែរ ។ អង្គការលើកលែងទោសអន្តរជាតិនិយាយអះអាងថា មនុស្សជាង៤០នាក់ត្រូវបានសម្លាប់ពាក់ព័ន្ធបាតុកម្មនេះ ។
សេដ្ឋកិច្ចស៊ូដង់មិនល្អប្រសើរនោះទេ បានធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសនេះ ខណៈការនាំចេញប្រេងដែលជាប្រភពចំណូលសំខាន់ពីប្រភពខាងក្រៅនោះ ធ្លាក់ចុះមិនធ្លាប់មាន តាំងពីស៊ូដង់ខាងត្បូងបានឯករាជ្យ ។
សហរដ្ឋអាមេរិកបានលុបទណ្ឌកម្មសេដ្ឋកិច្ចរយៈពេល២០ឆ្នាំទៅលើប្រទេសនេះហើយកាលពីឆ្នាំ២០១៧ ។ ប៉ុន្តែក្រុមអ្នកវិនិយោគ ភាគច្រើន នៅរារែកចិត្ត មិនហ៊ានទៅវិនិយោគរកស៊ីនៅស៊ូដង់ខាងត្បូងនេះទេ ពីព្រោះទីក្រុងវ៉ាស៊ីនតោន នៅតែដាក់ប្រទេសនេះ ស្ថិតក្នុងបញ្ជីរដ្ឋដែលគាំទ្រដល់ក្រុមភេរវកម្ម ។

លោក Bashir កំពុងត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិរកចាប់ខ្លួន ដើម្បីកាត់ទោសពីបទ មេគំនិត ប្រល័យពូជសាសន៍ ទៅលើពលរដ្ឋនៅក្នុងតំបន់ Darfur ។ លោក បដិសេធន៍ការចោទប្រកាន់នេះ ៕

ដោយ៖ មែវ សាធី


ចែករំលែក៖