ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលពីរស្រុកសហការគ្នាចុះឃាត់និងចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដើម្បីអនុវត្តភូមិឃុំមានសុវត្ថិភាព ស្របទៅតាមទិសស្លោករាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ជំនាញខេត្តកំពង់ចាម សហការជាមួយជំនាញស្រុកជើងព្រៃ និងស្រុកចំការលើ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ និងចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ក្នុងនោះ កម្លាំងឃាត់ និងចាប់ខ្លួនបាន២នាក់ ។

មន្ត្រីនគរបាលខេត្តកំពង់ចាមឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវកម្លាំងចាប់និងឃាត់ខ្លួន ១-ឈ្មោះ ចិន សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិប្រធាតុ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ក្នុងនោះចាប់ យកវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន៥កញ្ចប់ ,ទូរស័ព្ទ១គ្រឿង និងប្រាក់ចំនួន៥០.០០០ រៀល ។

ទី២-ឈ្មោះ ឈីន ទីហ៊ាង ហៅ ទី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្ពឺ (ក) ឃុំជយោ ស្រុកចំការលើ ។ ជននេះត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៧៨១ ពស ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញដោយលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ។ ក្រៅពីការចាប់ខ្លួនកម្លាំងបានឆែកឆេរផ្ទះរបស់មុខសញ្ញា រកឃើញវត្ថុ តាងរួមមាន ៖ សារធាតុញៀនចំនួន២កញ្ចប់តូច កាំបិតចុងស្រួច (ដាវ) ចំនួន៤ដើម ឧបករណ៍សេពគ្រឿងញៀន មួយសម្រាប់សំណាក និងថង់វិចខ្ចប់មួយចំនួនទៀតផង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីទៀត ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖