ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងបានជម្រុញអោយអាជ្ញាធរខណ្ឌពន្លឿននៃការដោះស្រាយជូនប្រជាពលរដ្ឋដែលរស់នៅអបសងខាងដងផ្លូវរថភ្លើងចាប់ពីទំនប់ទួលគោក (ផ្លូវលេខ៧០) ដល់មហាវិថី គីម អុីលស៊ុង អោយបានលឿន ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នានោះពោលគឺប្រជាពលរដ្ឋទទួលបានដីកម្មសិទ្ធិស្របច្បាប់ ហើយអាជ្ញាធរវិញទទួលបានផ្លូវសាធារណៈ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ ខណៈដែលនៅកណ្តាលរាជធានីភ្នំពេញបាននឹងកំពុងប្រឈមនឹងការកកស្ទះចរាចររាល់ថ្ងៃនោះ។
ការជម្រុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់ផ្លូវអមសងខាងផ្លូវរថភ្លើងពីផ្លូវលេខ៧០ មកដល់មហាវិថី គីម អុីលស៊ុងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌនិងមន្ត្រីជំនញពាក់ព័ន្ធជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលរាជធានីបានបញ្ជាក់ថា ដោយពិនិត្យឃើញថាស្ថានភាពចរាចរ នៅតាមបណ្ដោយផ្លូវលេខ៧០ មករង្វង់មូលកួចកាណុង និងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីគល់ស្ពានជ្រោយចង្វារ ដល់ចំណុចស្ថានីយ៍ទូរទស្សន៍ សុីធីអិន មានលំហូរចរាចរយ៉ាងខ្លាំងនិងតែងតែកកស្ទះចរាចរជារៀងរាល់ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះសិក្សាគម្រោងសាងសង់ផ្លូវស្របតាមបណ្ដោយផ្លូវរថភ្លើង ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខR6 ដែលមានប្រវែង ៦.២៨០ម៉ែត្រ ដោយអនុវត្តជាពីរជំហាន។
លោកអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ ក៏បានជម្រុញអោយអាជ្ញាធរពន្លឿនការចុះស្ថិតិប្រជាពលរដ្ឋអោយបានច្បាស់លាស់និងត្រឹមត្រូវ ដើម្បីយើងអាចដោះស្រាយបានលឿននិងទាន់ពេល ក្នុងការស្ថាបនាផ្លូវនៅតាមបណ្តោយផ្លូវរថភ្លើងនេះ។
គួរបញ្ជាក់ថា កំណាត់ផ្លូវរថភ្លើងនេះពីមុនតាមគម្រោង មានទទឹង៣០ម៉ែត្រ ប៉ុន្តែក្រោយពិភាក្សាក្នុងកិច្ចប្រជុំជាច្រើនលើក និងដើម្បីកាត់បន្ថយនៃផលប៉ះពាល់ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងនេះ អាជ្ញាធររាជធានីសម្រេចកាត់មកត្រឹមទទឹង២០ម៉ែត្រវិញ៕
ដោយ៖ សំរិត