ខេត្តកំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយសារកាណូត២គ្រឿងបុកគ្នានៅក្នុងទន្លេ កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៨ មករា ២០១៩ នៅចំណុចកោះកញ្ឆា ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ ប៉ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានប្រពន្ធឈ្មោះ វ៉ាន់សេងហៀង មានកូន៣នាក់នៅក្នុងបន្ទុក ។
ដោយឡែកអ្នកបង្កមានឈ្មោះ ប៉ែកប៉ា អាយុ២៦ឆ្នាំ្ន អ្នកទាំ២ ជាបងប្អូនបង្កើតស្នាក់នៅរោងរកស៊ីនេសាទត្រីជាមួយគ្នា ។
ប្រភពពីសមត្ថកិច្ចបានឲ្យបន្ថែមទៀតថា នៅមុនពេលកើតហេតុប្អូនជនរងគ្រោះបានចេញកាណូតស្មាច់ទៅមុនដើម្បីសាមង តែមួយសន្ទុះក្រោយមកប្អូនជនរងគ្រោះបានត្រឡប់មកក្នុងរោងវិញ ផ្លាស់ប្តូរសម្លៀកបំពាក់រួចបើកកាណូតចេញទៅលក់ត្រីឯផ្សារ ពេលមកដល់ចំណុចកើតហេតុខាងលើ បាំងព្រៃមើលមិនឃើញបានបុកនឹងកាណូតជនរងគ្រោះចំពីមុខ បណ្តាលឲ្យជនរងគ្រោះធ្លាក់ទឹកត្រូវស្លាបចាក់កាប់ ត្រូវចំក្បាលស្លាប់ភ្លាម ។
បច្ចុប្បន្ន ជនបង្កជាប្អូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ និងកសាងឯកសារបញ្ជូនបន្តតាមនីតិវិធីផងដែរ ។
ក្រោយការពិនិត្យសាកសពរួចរាល់ ត្រូវបានប្រគល់ឲ្យគ្រួសារសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ចន្ថា