ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអុសកំពុងរ៉ឺយែចូលរោងចក្រ ត្រូវរថភ្លើងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ពន្លះរងការខូចខាត ក្រពឹតរួញកាប៊ីន

ចែករំលែក៖

ភ្នំពេញ៖ រថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្រោយពីដាក់ភ្ញៀវចុះរួច បានបើកបរក្នុងល្បឿនលឿន ហើយបានបុករថយន្តដឹកអុស១គ្រឿង ដែលកំពុងបើករ៉ឺយែចូលទៅក្នុងរោងចក្រ បណ្ដាលឲ្យរងការខូចខាតក្រពឹតរួញកាប៊ីនទាំងស្រុង ។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវចូលវត្តតាំងកសាងខាងត្បូង ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកអុស១គ្រឿងនោះពណ៌ខៀវ លាយស ពាក់ស្លាកលេខស្វាយរៀង 3A-0834បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានរថភ្លើដឹកអ្នកដំណើររបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេបើកបុកទាំងកម្រោល។នៅមុនពេលកើតហេតុរថយន្តនេះបានដឹកអុសយកទៅដាក់នៅក្នុងរោងចក្រកាត់ដេរមួយយីហោ «វ៉ាងលេ ហ្វេសសិន អុីនស្ទិវសិន ខេមបូឌា» ដែលមានទីតាំងស្ថិតនៅចំណុចកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា លុះពេលទៅដល់បានបើករ៉ឺយែថយក្រោយចូលក្នុងរោងចក្រ ហើយខណៈពេលកំពុងរ៉ឺយែថយចុះឡើងៗ ស្រាប់តែរថភ្លើងខាងលើបានបើកលឿនចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានទៅដល់បុកចំកាប៊ីនរថយន្តនោះពេញទំហឹងបណ្ដាលឲ្យរងការខូចខាតតែម្ដង ។ក្រោយពេលកើតហេតុភាគីទាំង២សម្របសម្រួលគ្នា ៕ សុខាសែនជ័យ


ចែករំលែក៖