ភ្នំពេញ៖ មនុស្ស២ក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងហាងតែមួយ ខណៈស្រវឹងរៀងខ្លួនក៏បានឌឺដងដាក់គ្នាហើយផ្ទុះហិង្សាវាយគ្នាផ្អើលភ្ញៀវរត់ពេញហាងហ្គោឌីន ស៊ីធី២ ត្រូវម្ចាស់ហាងចាក់សោបង្ខាំងទុកទាំងសងខាងហៅសមត្ថកិច្ចមកអន្តរាគមន៍ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងយីហោ ហ្គោឌីន ស៊ីធី២ តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីប្អូនម្ចាស់ហាងបានឲ្យដឹងថា មុនពេលកើតហេតុមានមនុស្ស២ក្រុមដោយម្ខាងមានគ្នា៥នាក់ បានចូលមកផឹកស៊ីនិងអង្គុយសាឡុងជាប់គ្នា។
សាក្សីបានបន្តថា ក្រោយមកស្រាប់តែផ្ទុះហិង្សាដាក់គ្នាវាយទៅវិញទៅមកបង្កឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវផ្សេងទៀតរត់ជាន់ជើងគ្នា និងធ្វើឲ្យរងរបួសទាំងសងខាងភ្លាមនោះដោយសារតែបែកកែងចានច្រើនទើបម្ចាស់ហាងបានទាញទ្វាបិតមិនឲ្យចេញក្រៅទាំងសងខាងរួចរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ហើយសម្របសម្រួលមួយសន្ទុះក្រោយមកទើបចេញមកខាងក្រៅវិញហើយបានបញ្ជាក់ថាពុំមានរឿងអ្វីកើតឡើងនោះទេដោយការយល់ច្រឡំ ហើយក៏សម្រួលគ្នាទៅផ្ទះរៀងខ្លួនទៅដោយពុំមានភាគីខាងណាសងទៅខាងណានោះទេព្រមទាំងម្ចាស់ហាងផងដែរនេះជាការបញ្ជាក់ពីលោកនាយប៉ុស្តិ៍ចាក់អង្រែលើ ៕ សុខាសែនជ័យ