ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺគ្រុនផ្តាសាយជ្រូក H1N1 កំពុងវាយលុកឥណ្ឌា​មនុស្ស​ជិត២ពាន់នាក់ស្លាប់ និងឆ្លងវីរុស​

ចែករំលែក៖

ជំងឺគ្រុនផ្តាសាយជ្រូកកំពុងតែវាយលុក នៅក្នុងប្រទេសឥណ្ឌា​បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋ ខណៈដែលមានអ្នកឆ្លង និងស្លាប់រហូតដល់ជិត២ពាន់នាក់ហើយ ​។ ជំងឺដ៏កាចសហាវនេះបានកើតឡើងនៅតំបន់ភាគខាងលិច ប្រទេសឥណ្ឌា ។

អាជ្ញាធរឥណ្ឌាបានប្រកាសនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ថា យ៉ាងតិច៤០នាក់បានស្លាប់ និងជាង១ពាន់នាក់ទៀត បានឆ្លងរាលដាល ដោយសារវីរុសគ្រុនផ្តាសាយជ្រូក (H1N1) គិតតែដើមឆ្នាំ២០១៩នេះប៉ុណ្ណោះ ស្ថិតនៅរដ្ឋដ៏ល្បីល្បាញភាគខាងលិចរបស់ឥណ្ឌា ។

នៅឆ្នាំ​២០១៨ នៅទូទាំងឥណ្ឌា មនុស្ស ១១០០នាក់ស្លាប់ និង១៥.០០០នាក់ទៀត បានឆ្លងជំងឺដ៏កាចសាហាវ ដែលវាបានឆ្លងរាលដាល តាមរយៈមនុស្សទៅកាន់មនុស្ស ។

វីរុសនេះកាន់តែឆ្លងរាលដាលខ្លាំងឡើងទៀតនោះ គឺនៅក្នុងរដូវរងា គឺខែធ្នូ និងខែមករា ស្ថិតនៅភាគខាងលិច និងភាគខាងជើងឥណ្ឌា រួមទាំងនៅ Rajasthan និង ញូវដេលីផងដែរ ។

អាជ្ញាធរនៅ Rajasthan បានណែនាំឲ្យក្រុមគ្រូពេទ្យ ត្រូវតែសុំការអនុញ្ញាតជាមុនសិន ពេលដែលចាកចេញទៅកាន់ទីកន្លែងណាមួយ ឬធ្វើយុទ្ធនាការពីផ្ទះមួយទៅផ្ទះមួយ ដើម្បីពិនិត្យមើលអ្នកជំងឺនោះ ។

មន្ត្រីសុខាភិបាលបានធ្វើយុទ្ធនាការឃោសនាការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់ នៃការឆ្លងរាលដាលពីវីរុសផ្តាសាយជ្រូកនេះ ដើម្បីឲ្យមានការប្រុងប្រយ័ត្ន ក៏ដូចការធ្វើតេស្តិ៍រកវីរុសនេះ ទៅលើមនុស្សជាង៥១០០ផងដែរ ។ ប្រភពថា មនុស្សបាត់បង់ជីវិតកើន៤០នាក់ ហើយអ្នកផ្ទុកវីរុសនេះ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មាន១.០៣៦នាក់ ។ ប៉ុន្តែទោះបីយ៉ាងណា បម្រាមនៃការធ្វើដំណើរមិនត្រូវបានប្រកាសនោះទេ ៕


ចែករំលែក៖