ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង របស់ជនរងគ្រោះបានសម្រច តែត្រូវគេឃើញទាន់ជិះម៉ូតូដេញតាមស្រែកថា ចោរៗ ជនសង្ស័យភ័យដួលម៉ូតូទាំងពីរគ្រឿង គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1HJ. 0205 ម្ចាស់ឈ្មោះ មាស សំរិត ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ៥៩៨ ភូមិទនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ម៉ូតូដែលជនសង្ស័យទាំង២នាក់ ជិះធ្វើសកម្មភាពម៉ាកហុងដា ប៊ិចពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-6386។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមិត្តភ័ក្កិជនរងគ្រោះ បានហៅទូរស័ព្ទទៅជនរងគ្រោះដើម្បីឲ្យមកឌុបរកផ្ទះជួលថ្មី ព្រោះកន្លែងផ្ទះជួល ដែលខ្លួនស្នាក់នៅរាល់ថ្ងៃម្ចាស់ផ្ទះឈប់ជួលឲ្យហើយ។
ប្រភពបន្តថា ខណៈពេលជនរងគ្រោះមកដល់មុខបន្ទប់ជួលជាន់ទី២ របស់មិត្តភក្តិបានឈប់ម៉ូតូខាងក្រោម និងចាក់សោ.កត្រឹមត្រូវរួចដើចូលទៅក្នុងសំដៅរកមិត្តភក្តិស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ហុនដាប៊ិចពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CL-6386 បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ហើយជិះម្នាក់មួយគ្រឿងចេញពីកន្លែងកើតហេតុតាមផ្លូវបេតុង ពីលិចទៅកើតឆ្លងផ្លូវជាតិលេខ៥ ទៅចូលក្នុងតំបន់មិនរៀបរយខាងក្រោយ ការ៉ាស់សាំងភីធីធី ពេលនោះពលរដ្ឋដែលស្គាល់ម៉ូតូជនរងគ្រោះបានជិះម៉ូតូ២គ្រឿងគ្នា៣នាក់ដេញតាមតែមិនទាន់ ក៏ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ពេលពលរដ្ឋអ្នកដេញទាំងនោះចេញពីប៉ុស្តិ៍មកបំណងទៅមើលកន្លែងដែលពួកវាជិះចូល ស្រាប់តែឃើញពួកវាជិះម៉ូតូឡើងផ្លូវជាតិលេខ៥ ពីជើងទៅត្បូងបំណងយកទៅលក់ តែត្រូវបានក្រុម ប្រជាពលរដ្ឋដេញតាមរហូតដល់ស្តុបតេលាផ្លូវជាតិលេខ៥ កែងផ្លូវ៦៨ ដោយផ្លូវកកស្ទះចរាចរណ៍ហើយពលរដ្ឋស្រែកថា ចោរៗពួកជនសង្ស័យជិះគេចមិនរួចភ័យខ្លួន ពួកគេលោតចេញពីម៉ូតូគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូជិះធ្វើសកម្មភាព១គ្រឿង និងម៉ូតូជនរងគ្រោះ១គ្រឿង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅប៉ុស្តិ៍ រីឯម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនវិញ ៕ អរុណរះ