ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងប៉ះគ្នា សង១១០ដុល្លារបញ្ចប់រឿង នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត LEXUS ទៅបុករថយន្ត TOYOTA Hilux ពីក្រោយ បណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តរបស់ខ្លួនខ្ទេចមួយកំណាត់មុខ ហើយបើករត់ចេញ ទើបរថយន្តរងគ្រោះបើកមកតាមឃាត់់ដើម្បីដោះស្រាយគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតមានឡើងនៅម៉ោង១២រំលងអធ្រាត្រឈានចូល ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវលេខ២៧១ ជិតស្ថានីយបូមទឹកស្អុយ(បឹងត្របែក) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត LEXUS RX300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-6645 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានជ្រុលទៅបុកពីក្រោយរថយន្ត TOYOTA HILUX ពាក់ស្លាកលេខ ភ្នំពេញ 2AN-0005 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរងការខូចខាតបន្តិច ចំណែករថយន្ត LEXUS ខ្ទេចមួយកំណាត់ផ្នែកខាងមុខ ហើយបានបន្ថែមល្បឿន បើកវ៉ារថយន្តរងគ្រោះ បំណងបើកគេចចេញពីកន្លែងកើតហេតុ ស្រាប់តែរថយន្តរងគ្រោះបានបើកដេញតាមឃាត់ដើម្បីដោះស្រាយគ្នា ។

ពេលកំពុងដោះស្រាយគ្នា កម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលើ ក៏បានមកដល់រួចសួរនាំ តែម្ចាស់រថយន្តទាំងពីរគ្រឿង សុំដោះស្រាយគ្នាសិនដោយម្ចាស់រថយន្តបង្កព្រមសង១១០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖