ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចោទប្រកាន់ អតីតសកម្មជនបក្សប្រឆាំង ដែលប្រមាថសម្តេចតេជោចំនួន២បទល្មើស

ចែករំលែក៖

ភ្នំពេញ៖ លោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា នេះ ចោទប្រកាន់ អតីតសកម្មជនក្រុមប្រឆាំងម្នាក់ចំនួន២បទល្មើស ពាក់ព័ន្ធការប្រមាថសម្តេចតេជោ ហ៊ុន សែន និង ញុះញង់បង្កចលាចលក្នុងសង្គម ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បញ្ជាក់ថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ”ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទប្រមាថ”តាមមាត្រា៤៩៥ និង មាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ ។

តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ក្រោយឃាត់ខ្លួន ជននេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើការសាកសួរ។ តាមការស្រាវជ្រាវ វត្ថុតាងក្នុងកុំព្យូទ័រ គឺមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមបញ្ជារបស់បុគ្គល សម រង្សី។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យបុគ្គល គង់ ម៉ាស់ បង្ហាញខ្លួននៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ៖ ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់ដោយប្រើខ្សែអាត់វីដេអូផ្សព្វផ្សាយនាពេលកន្លងមក តាមប្រព័ន្ធហ្វេសប៊ុក ក្នុងគោលបំណងឲ្យសាធារណជន និងប្រជាពលរដ្ឋទូទៅមានការស្អប់ខ្ពើមបង្កជាភាពចលាចល អសន្ដិសុខក្នុងប្រទេស ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ៕ ចេស្តា


ចែករំលែក៖