ភ្នំពេញ៖ ទើបនឹងលេចចេញរឿងរ៉ាវរស់នៅក្រោមដំបូលផ្ទះតែមួយរវាង តារាសម្តែង នៅ សូនីតា និង លោក ទិត្យ មិនបានប៉ុន្មានផង ស្រាប់តែលេចចេញដំណឹងល្ហិចល្ហៀងថា តារាស្រីរូបនេះ កំពុងពរពោះដំណក់ឈាមរួមគ្នាជាមួយផលិតករខាងលើផងដែរ ។ ដំណឹងនេះ កំពុងលេចសុះសាយពេញចង្កោមអ្នកសិល្បៈ ។
ពិតជាភ្ញាក់ផ្អើលក្រោយពីដំណឹងរសើបចុងក្រោយដែលទើបនឹងផ្ទុះឡើងពីក្នុងចង្កោមអ្នកសិល្បៈបានលើកឡើងអំពីទំនាក់ទំនងដែលបានឈានដល់រឿងស្នេហារវាងតារាសម្តែងស្រស់សោភានៅសូនីតានិងលោកទិត្យថាវរិទ្ធ ។ បើទោះបីជាមិនធ្លាប់ទទួលស្គាល់ជាសាធារណៈអំពីចំណងស្នេហ៍នេះក្តីក៏ក្នុងអ្នកសិល្បៈទាំងអស់បានទទួលដឹងលឺស្ទើគ្រប់ៗគ្នា រហូតពួកគេកំពុងសាងស្នេហ៍រួមទ្រនុំតែមួយផងដែរគឺផ្ទះវីឡាបុរីប៉េងហួតបឹងស្នោនោះ ។
ដំណឹងចុងក្រោយពីអ្នកសិល្បៈលើកឡើងថា មិនមែនជាបែបលាក់លៀមនោះទេគឺមានការទទួលដឹងលឺពីក្រុមគ្រួសារទាំងសងខាង ហើយពេលនេះពួកគេក៏ទទួលបានដំណឹងល្អដែរគឺនៅសូនីតាកំពុងពរពោះកូនក្នុងផ្ទៃដែលជាតំណក់ឈាមរួមគ្នាផងដែរ ។
ប្រភពបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរថា កូនក្នុងផ្ទៃរបស់នៅ សូនីតាគឺមានវ័យទើបតែជាង៣ខែប៉ុណ្ណោះ ហើយសភាពខាងក្រៅរបស់នាងពិបាកនឹងសម្គាល់បានណាស់ថានាងកំពុងពរពោះ ។ ទោះជាយ៉ាងណាគេលើកឡើងដែរថា នៅ សូនីតា ក៏បានព្យាយាមថ្នមខ្លួនរក្សាប្រាណ និងកូនក្នុងផ្ទៃដែរដែលនាងផ្លាស់ប្តូរទម្លាប់ពីការស្លៀកពាក់ខោខាវប៊យរឹប មកស្លៀកសម្លៀកបំពាក់ធូររលុងវិញ និងមិនទទួលការងារសិល្បៈពិសេសសម្តែង ដូចមុននោះទេ ។
ប្រភពបន្តទៀតថាដំណឹងនៃការមានផ្ទៃពោះរបស់នៅ សូនីតា ក៏ទន្ទឹមគ្នានឹងដំណឹងមានផ្ទៃពោះរបស់ពិធីការិនី ស៊ឹម សូលិកា ដែលជាអតីតគូស្នេហ៍របស់ទិត្យ ថាវរិទ្ធ ផងដែរ ។ ដំណឹងដ៏ល្អសម្រាប់ តារាស្រីរូបនេះក៏ស្រប់ពេលដែលស្វាមីនាង គឺលោក ទិត្យ ថាវរិទ្ធ ទើបត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹដតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីពេលថ្មីៗនេះ ។ អ្នកសិល្បៈជាច្រើនសរសើរអំពីវាសនារបស់នៅ សូនីតា ដែលទទួលបានការស្រលាញ់ និងលើកមុខមាត់ពីសំណាក់លោកទិត្យ ថាវរិទ្ធ និងទទួលងារជាជំទាវស្រីវ័យក្មេងដោយស្វ័យប្រវត្តិផងដែរបើទោះបីជាពួកគេមិនទាន់ចូលរោងការជាផ្លូវការក្តី ។
គួរបញ្ជាក់ដែរថាតារាសម្តែងនៅសូនីតាធ្លាប់រងដំណឹងស្នេហ៍ជាមួយបុរសមានទ្រព្យស្តុកស្តម្ភម្នាក់ដែលស្ទើតែឲ្យនាងចាកចេញពីការងារសិល្បៈ ។ ខណៈដែលលោកទិត្យថាវរិទ្ធធ្លាប់បែកបាក់ស្នេហ៍ជាមួយតារាស្រីមួយចំនួនក្នុងផងដែរ បូករួមទាំងអតីតភរិយាអ្នកនាងលីម៉ារីណា៕ វឌ្ឍនា