ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនឃាតកវាយសម្លាប់មនុស្សកំពុងជិះម៉ូតូបានហើយ ពិតជាឈាមស្រែកស្បែកហៅមែន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឃាតកដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៦នាក់ ត្រូវបានកម្លាំងសហការស្ថាប័នពាក់ព័ន្ធស្រាវជ្រាវពួនស្ទាក់ចាប់ខ្លួនហើយ ប៉ុន្មានក្រោយបន្ទាប់ពីបានធ្វើសកម្មភាពវាយសម្លាប់មនុស្សកំពុងជិះម៉ូតូឌុបគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ ។

ប្រភពព័ត៌មានពីកម្លាំងសហការចុះប្រត្តិបត្តិការខាងលើបានបង្ហើបឲ្យដឹងថា ឃាតកដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៦នាក់ឈ្មោះ ម៉ៅ ម៉ាច ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជនសង្ស័យជាឃាតកដៃដល់យ៉ាងសាហាវត្រូវបានឃាត់ខ្លួន នៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃច័ន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចក្បែខ្លោងទ្វារវត្តបាកាន ស្ថិតក្នុងភូមិ.ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

គួររំលឹកផងដែរថា៖ ហេតុការណ៍ឃាតកដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៦នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីវាយសម្លាប់មនុស្សដ៍សាហាវបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិច(វត្តព្រៃដំរី) ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋានស្រុកបាកានឃើញថា ជនរងគ្រោះឈ្មោះ ហែល ប្រុសពៅ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជនរងគ្រោះមានស្នាមរបួសត្រង់ចំណុចសៀតផ្កា បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។

ក្នុងរបាយការណ៍បន្តថា មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរដោយម៉ូតូ ១គ្រឿង បើកបរដោយឈ្មោះ ឆឺយ ធានុន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជាមួយគ្នាជនរងគ្រោះ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុមានក្មេងទំនើង ១ក្រុមមានគ្នាចំនួន ៦នាក់ មធ្យោបាយដោយម៉ូតូចំនួន ៣គ្រឿង ប្រដាប់ដោយអាវុធ(ដាវ និងដំបងដែក) ជិះស្របទិសគ្នាមកពីក្រោយក៍បានវាយលើជនរងគ្រោះបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ រួចភាគីជនបង្កនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ប៉ុន្តែស្ថិតក្នុងការឃ្លាំមើលរបស់សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ដែលកំពុងសហការគ្នាយ៉ាងស្អិតល្មួត ដោយក្រុមបង្កទំនាក់ទំនងគ្នាតាមឆាតហ្វេសប៊ុក៕ ប៉ឹម ពិន


ចែករំលែក៖