ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន

ចែករំលែក៖

ចិន៖ នៅរសៀលថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៩ នេះផងដែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន។

ឯកឧត្តម លី ចាន់ស៊ូ បានមានប្រសាសន៍ថា សភាគឺតំណាងឲ្យប្រជាជនចិនទាំងអស់ បានចាត់ទុកសម្ដេចតេជោគឺជាមេដឹកនាំដែលល្បីល្បាញមួយរូបដែលប្រជាជនចិនបានស្គាល់ស្ទើតែគ្រប់គ្នា។ ឯកឧត្តមបានបន្តថា បានក្រោមការដឹកនាំរបស់សម្ដេចតេជោគឺសម្តេចបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿននៅក្នុងប្រទេសកម្ពុជាហើយមិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោបានកសាង និងពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជាធ្វើឲ្យមានការកើនឡើងនិងការអភិវឌ្ឍឥតឈប់ឈរ។ ឯកឧត្តមបានមានប្រសាសន៍ថាកន្លងមកសម្ដេចតេជោបានគាំទ្រនូវផលប្រយោជន៍ស្នូលនៃប្រទេសចិនជាពិសេសនៃនយោបាយចិនតែមួយ។ ហើយឯកឧត្តមបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំចិនបានចាត់ទុកសម្ដេចតេជោគឺជាមិត្តដែកថែបនៃប្រទេសចិន ហើយឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានអបអរសាទរសម្ដេចតេជោដែលទទួលបានជោគជ័យនៃការបោះឆ្នោតកាលពី ២០១៨ កន្លងទៅនេះ ជាពិសេសសម្ដេចបន្តដឹកនាំប្រទេសកម្ពុជាជាបន្តទៀត។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រទេសកម្ពុជាជាពិសេសលើនៃការអភិវឌ្ឍដែលប្រទេសកម្ពុជាជ្រើសរើសជាពិសេសបន្តមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចជាពិសេសនៅក្រោមការជំរុញធ្វើយ៉ាងណាឲ្យគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។

ឯកឧត្តមក៏បានមានប្រសាសន៍ផងដែរថា ជំនួបរវាងឯកឧត្តម ស៊ី ជិនពីង ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីម្សិលមិញរួមទាំងពិធីជប់លៀងផងដែរនេះ គឺបានឆ្លុះបញ្ចាំងទំនាក់ទំនងពិសេសរវាងចិន និងកម្ពុជាហើយឯកឧត្តមក៏បានបញ្ជាក់ផងដែរថាសម្រាប់កិច្ចនេះគឺនឹងទទួលបាននូវសមិទ្ធផលជាច្រើនជាពិសេសនឹងនាំឲ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីទៀត។

ជាការឆ្លើយតបសម្ដេចតេជោរដ្ឋមន្ត្រីបានមានប្រសាសន៍ថាសម្ដេចអរគុណឯកឧត្តម លី ចាន់ស៊ូ គណៈប្រតិភូសម្រាប់ពាក្យពេចន៍ទាំងឡាយនូវការអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ។ សម្តេចតេជោក៏បានអរគុណដល់ថ្នាក់ដឹកនាំចិនដែលជារឿយៗតែងតែទទួលនូវព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមកកាន់ប្រទេសចិន ហើយដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការកម្ពុជាចិនអោយសម្ដេចចាត់ទុកថាជំនួយចិននឹងកម្ពុជានេះគឺជាការរួមចំណែកសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចគឺផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មានលក្ខណៈពិសេស ដោយសារភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាពិសេសការសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាមួយចំនួនលើសពីគោលដៅកំណត់ ដូចជាទំហំពាណិជ្ជកម្ម ភាគីទាំងពីរកំណត់សម្រេចឲ្យបាន ៥ពាន់លាននៅឆ្នាំ២០២០។ ប៉ុន្តែនៅឆ្នាំ២០១៧ទំហំពាណិជ្ជកម្មបានកើនឡើងដល់ជិត ៧ពាន់លានដុល្លារទៅហើយ។ វិស័យទេសចរណ៍វិញកំណត់ត្រឹមតែ ០.០១ភាគរយ នៃប្រជាពលរដ្ឋចិន គឺស្មើនឹង ១.៣លាននាក់ តែមកដល់ឆ្នាំ២០១៨ អ្នកទេសចរចិន បានឈានដល់ ១.៩លាននាក់។ ដោយឡែកអ្នកវិនិយោគពីប្រទេសចិន នៅកម្ពុជា ក៏មានចំនួនច្រើនហួសការរំពឹងទុក ដោយសារមានការទុកចិត្តលើនយោបាយនៃការដឹកនាំរបស់មេដឹកនាំប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា មេដឹកនាំប្រទេសចិនជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នយោបាយដែលផ្តួចផ្តើមដោយអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការរឹតចំណងមិត្តភាពកម្ពុជា និងចិន គឺនៅតែរក្សាដដែលគ្មានអ្វីផ្លាស់ប្តូរនោះឡើយ ជាពិសេសនយោបាយចិនតែមួយ។

ឯកឧត្តម លី ចាន់ស៊ូ បានឯកភាពទាំងស្រុងនូវអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើង។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាជនចិននៅតែចងចាំនូវទុក្ខលំបាករបស់កម្ពុជា ហើយចិន និងកម្ពុជា តែងតែជួយគ្នា និងគោរពគ្នាទៅវិញទៅមក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជា និងចិន គឺជាមិត្តដ៏ពិតប្រាកដទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ គឺតែងតែជួយគ្នា។ ឯកឧត្តមបន្ថែមថា ចិននៅតែបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកម្ពុជា។ ឯកឧត្តម លី ចាន់ស៊ូ ក៏បានអះអាងដែរថា ទំនាក់ទំនងកម្ពុជា និងចិន នៅតែបន្តរក្សានៅគ្រប់វិស័យ និងគ្រប់កម្រិត ដើម្បីជាប្រយោជន៍ប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានអរគុណសម្តេចតេជោ ដែលបានអញ្ជើញឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្តមនឹងរកពេលវេលាសមរម្យណាមួយ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា៕


ចែករំលែក៖