ខេត្តសៀមរាបៈ ពលរដ្នបានថ្លែងថាដោយសារតែអំពីពុករលួយ និងពួកបក្សនិយមរបស់នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និងមន្រ្តីបរិស្ថានស្នាក់ការទំនប់សួង ធ្វើឲ្យព្រៃលិចនៅតំបន់៣ ត្រង់ចំណុចព្រែកស្ទឹងកំបុតឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាបត្រូវបានជនល្មើសឈួសឆាយស្ទើរខ្ទេចខ្ទីគ្មានសល់។
ពលរដ្នបានបន្ដថា ចាប់តាំងពីរដូវប្រាំងឈានចូលមកដល់ គេសង្កេតឃើញនិងមន្រ្តីបរិស្ថាន និងមន្រ្ដីជំនាញចុះទៅធ្វើការទប់ស្កាត់ជាញឹកញាប់ ពេលខ្លះមានទាំងកម្លាំង គណៈមេបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក លី ប៊ុនជន មន្រ្តីវិស័យអន្តរកាលសាលាស្រុកជីក្រែង ទទួលបន្ទុកបឹងទន្លេសាបក្នុងស្រុកជីក្រែង តំណាងឲ្យលោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកជីក្រែងចុះទៅទប់ស្កាត់ ពេលខ្លះគេឃើញទាំងកម្លាំងគណៈមេបញ្ជាការឯកភាពស្រុកដកហូតបានស្រូវពូជ ជីបាចស្រូវ និងម៉ាស៊ីនបូមទឹក។ល។ ប៉ុន្តែមិនយូប៉ុន្មានគេឃើញម្ចាស់ស្រែ យកសម្ភារៈដែលត្រូវបានដកហូតទាំងនោះមកវិញហើយធ្វើការបង្ករបង្កើនផលបន្ដទៀត ។
ពលរដ្ឋបានប្រាប់អ្នកសារពត៌មានថាអ្នកដែលបានឈូសឆាយព្រៃលិចទឹកក្រោយគេបង្អស់ឈ្មោះ ប្រាក់ លាង ហៅ(លាងកំប៉ិត) បច្ចុប្បន្នរស់នៅភូមិអន្លង់ត្នោត ឃុំជីក្រែង ស្រុកជីក្រែង គាត់បានឈួសឆាយដីព្រៃលិចទឹករហូតទៅដល់ចំណុចព្រៃស្ទឹងកំបុតដែលជាកន្លែងចុងគេបង្អស់ក្នុងចំណោមព្រៃលិចទឹកដែលត្រូវហាមឃាត់ ធ្វើឲ្យពលរដ្ឋបានសំដែងក្តីព្រួយបារម្ភយ៉ាងខ្លាំងដែលកំពុងប្រឈមមុខនិងអាហានិភ័យចំនួន ២គឺ =ទី១ ព្រៃលិចទឹកត្រូវបានជនល្មើសឈួសឆាយយ៉ាងអនាធិបតីយគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីមានសម្ថកិច្ចនោះទេ។ ទី២ ត្រពាំងបឹងបួរ និងព្រែកធម្មជាតិនានា ត្រូវបានគេជីកហ៊ុំព័ទ្ធ ធ្វើជាអាងស្តុកទឹកសំរាប់ស្រោចស្រប់ស្រូវប្រាំង និងធ្វើការហាមឃាត់ ពួកគាត់មិនឲ្យនេសាទត្រីនោះឡើយ។
ជាក់ស្តែងប្រជាពលរដ្ឋដែលនេសាទនៅត្រង់ចំណុច ព្រែកស្ទឹងកំបុតនិយាយថា កាលពីឆ្នាំ មុនលោក លាងកំប៉ិត គាត់បូមទឹកព្រែក រីងអស់ ហើយចាប់ត្រីធ្វើឲ្យពួកគាត់គ្មានកន្លែងនេសាទ ចុះទម្រាំឆ្នាំនេះទៀត លោក លាង កំប៉ិត ពង្រីកដីស្រែកាន់តែធំ បានយ៉ាងរលួនតើគិតយ៉ាងណា ។
តាមប្រភពបានបន្ដថា ម្ចាស់ស្រែមួយចំនួនឲ្យលុយ ទៅនាយសង្កាត់រដ្ឋបាលជលផល ចាប់ពី ៣០០ដុល្លា ទៅ១០០០ដុល្លា អាស្រ័យលើ ស្រែតិចឬច្រើន ឬតាមរយៈការទាក់ទងសាវាកម្ម មុននឹងធ្វើសកម្មភាពជាក់ស្តែង។
លោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរបានឆ្លើយតបតាមទូស័ព្ទនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះថា ការឈូសឆាយព្រៃលិចទឹកនោះគ្មានទេ ចំពោះឈ្មោះអ្នកដែលបានប្រព្រឹត្តកន្លងមក បានបញ្ចូលទៅតុលាការហើយ ចំណែកការទទួលលុយកាក់ប្រព្រឹត្តអំពើពុយរលួយនោះលោក មិនបានដឹងទេ។
លោក វី លីហ៊ូវ ប្រធានមន្រ្តីបរិស្ថាន ស្នាក់ការទំនប់សួងឆ្លើយតបដោយមិនដឹងពីតួនាទីនិងកាព្វកិច្ចរបស់ខ្លួន ថា រាល់ការចុះទៅបង្រ្កាបនិងទប់ស្កាត់ គឺមន្រ្តីសាលាស្រុកជាអ្នកដឹកនាំកម្លាំងចុះទៅបង្ក្រាប លោកមិនដឹងនោះទេ ។
លោក លី ប៊ុនជន មន្រ្តីវិស័យអន្តរកាលសាលាស្រុកជីក្រែងទទួលបន្ទុកបឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកជីក្រែង គាត់ថា ទូរស័ព្ទខ្សោយសេវានិយាយស្តាប់គ្នាមិនបាន ក៏ផ្តាច់ទូរស័ព្ទទៅ ។
ពលរដ្ឋសំណូមពរដល់លោក ទៀ សីហា អភិបាលនៃគណះអភិបាលខេត្តសៀមរាប ជាពិសេស លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប មេត្តាចុះពិនិត្យមើលបទល្មើសនៅក្នុងភូមិសាស្រ្តរបស់ខ្លួនឲ្យបានញឹកញាប់ ប្រសើរជាងអង្គុយចាំទទួលតែរបាយការណ៍ភូតភរកុហកពីមន្រ្ដីគ្រាប់ល្ពៅ។ និង សំណូមពរដល់លោក យុន រ៉ាវុធ ប្រធាននិងលោក ប៉ែន វីរៈ អនុប្រធានការិយាល័យបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបភូមិសាស្រ្តខេត្តសៀមរាប មេត្តាដាស់តឿន លោក វី លីហ៊ូវ ឲ្យយល់ពីសារប្រយោជន៍ ធនធានធម្មជាតិតំបន់ប្រើប្រាស់ច្រើនយ៉ាង និងតួនាទីរបស់ខ្លួនជាអនុរក្ស ព្រោះចាប់តាំងពី លោក វី លីហ៊ូវ មកធ្វើជាប្រធានស្នាក់ការមកព្រៃលិចទឹកត្រូវបានគេបំផ្លាញយ៉ាងគំហ៊ុក ៕ប៊ុនរិទ្ធី