ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាឲ្យយុវជនម្នាក់របួសធ្ងន់រហូតដល់សន្លប់ស្តូកស្តឹង ហើយត្រូវបានរថយន្តសង្គ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យសួគ៌ាដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់យុវជនរូបនោះជិះម៉ូតូម៉ាកស្កូបពីម្នាក់ឯង ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង បើកចេញពីច្រកចូលបុរីវីឡាថោន “Town” ចំកង់ខាងមុខផ្នែកខាងឆ្វេងពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខច្រកចូលបុរីឡាថោន (Town) ជិតសកលវិទ្យាល័យអន្តរជាតិ ISPP តាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ ក្នុងភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវសិស្សម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1BA-2090 តែម្នាក់ឯង តាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចមុខក្លោងទ្វារបុរីវីឡាថោន ក៏ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកនិងរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-5199 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ពីជើងមកត្បូងចេញពីច្រកចូលបុរីវីឡាថោន (Town) ទើបឆ្លងផ្លូវបានតែបន្តិច ក៏ត្រូវម៉ូតូបុកចំកង់រថយន្តក្បាលខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដួលបោកទាំងមនុស្សនិងម៉ូតូទៅលើថ្នល់ របួសធ្ងន់សន្លប់ស្តូកស្តឹងនៅហ្នឹងកន្លែង ។ ភ្លាមៗអ្នកបើកបររថយន្តឡង់គ្រីស័រ មិនបានរត់ឬគេចវេសទៅណានោះទេ គឺបានឈប់នៅកន្លែងកើតហេតុ ទទួលខុសត្រូវ ដោយទូរស័ព្ទហៅរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជន សួគ៌ា មកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ។
ក្នុងហេតុការណ៍នោះភាគីខាងរថយន្តមានមនោសញ្ចេតនា បានជួយចេញថ្លៃព្យាបាលចំនួន១០០០ដុល្លារ ឲ្យទៅយុវជនបើកម៉ូតូបង្ក ដើម្បីបញ្ចប់រឿងនិងទុកសម្រាប់ព្យាបាល តែភាគីក្រុមគ្រួសារខាងយុវជនជាសិស្សសាលាដែលជាអ្នកបើកម៉ូតូ មិនទាន់សម្រេចបែបណានោះទេ ព្រោះរង់ចាំមើលសភាពរបួសជនរងគ្រោះសិន ។
បច្ចុប្បន្ន បុរសអ្នកបើករថយន្តចិត្តធម៌បានប្រគល់សោររថយន្តដែលមានតម្លៃរាប់ម៉ឺនដុល្លារឲ្យទៅសមត្ថកិច្ច ដើម្បីវាស់វែងយករថយន្តរបស់គាត់ និងម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ ៕ស រស្មី