ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសណែនាំដល់មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ ព្រមទាំង នាយកស្ថាប័នចំណុះកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវចាត់តាំងផ្សព្វផ្សាយ និងរៀនសូត្រជា បន្ទាន់នូវអនុ សាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសប្រារព្ធខួប២០ឆ្នាំ នៃថ្ងៃបង្កើតកង ទ័ពជើងគោកកម្ពុជា។
សេចក្តីប្រកាសណែនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងដោយយោងតាមសភាពការណ៍ និងភារកិច្ច ចាំបាច់ចំពោះមុខ នាឆ្នាំ២០១៩នេះ ។ នាយឧត្តមសេនីយ៍ មានជំនឿថា មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ ព្រមទាំងនាយកស្ថាប័នចំណុះកងយោធពលខេមរភូមិន្ទទាំងអស់ នឹងចាត់តាំងអនុវត្តតាមសេចក្តីណែនាំនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន ថ្លែងនិងផ្តល់អនុសាសន៍នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំ ថ្ងៃកំណើតកង ទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ ដើម្បីពិធីអបអរសាទរខួបលើកទី២០ នៃកងទ័ពជើងគោក ដែលបានប្រាព្ឋធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ សហការី