ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រឡុកស៊ីម៉ង់ត៍បើកបុកឃឿនសួរច្បារពុះចែកទ្រូងផ្លូវ ខូចខាតជាង១០ម៉ែត្រ្រ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរមិនប្រយ័ត្ន ជ្រុលបុកឡើងឃឿន សួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាត បង្គោលស្លាកសញ្ញា ចរាចរណ៍មួយដើម និងសួនលម្អទ្រូងផ្លូវអស់ ជាច្រើនម៉ែត្រ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយ ផ្លូវណតព្រីត ជិតស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្ដបង្កជាប្រភេទ រថយន្ដក្រឡុកស៊ីម៉ង់ត៍ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ5A-2159 ។

ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដបង្ក ធ្វើដំណើរតាមបណ្ដោយ ផ្លូវណតព្រីត ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកឡើងឃឿនសួនច្បារ កណ្ដាលទ្រូងផ្លូវ អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យខូចខាតបង្គោលស្លាកសញ្ញាចរាចរណ៍មួយ ដើម និងខូចខាតដើមឈើដែលដាំលម្អសួនអស់ជាច្រើន ដើមផងដែរ ។

ប្រភពពីតែកុងរថយន្ដ បានឲ្យដឹងថា ដោយសារតែរថយន្ដ បែកទុយយោខ្យល់ ទើបបង្ខំចិត្តទាញចង្កូត បុកឃឿនសួនច្បារតែម្ដង ព្រោះខ្លាចបុកអ្នកដំណើរផ្សេងទៀត ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើត ហេតុ និងបានទំនាក់ទំនង ជាមួយកម្លាំងជំនាញ ចុះវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖