ខេត្តកណ្ដាល៖ យុវជនម្នាក់ពុំដឹងជា មានមូលហេតុអ្វី បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា យុវជនរងគ្រោះចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឈ្មោះ ផន ធារ៉ា ហៅដំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ/ឃុំកើតហេតុ ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ស្រ្ដីឈ្មោះ យ៉ុន ម៉ាក់ ត្រូវជាម្ដាយរបស់យុវជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១១ ស្រ្ដីជាម្ដាយបានឃើញកូនរបស់ខ្លួន(ជនរងគ្រោះ)ឡើងទៅខាងលើផ្ទះចូលក្នុងបន្ទប់ដោយពុំចាប់អារម្មណ៍អ្វីនោះទេ លុះមកដល់វេលាម៉ោងប្រមាណ១៦ថ្ងៃខែឆ្នាំដដែល ដោយពុំឃើញកូនរបស់ខ្លួនចុះមកពីលើផ្ទះ មានការងឿងឆ្ងល់ ភ្លាមនោះស្រ្ដីជាម្ដាយបានឡើងទៅលើផ្ទះរួចចូលក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ក៏ស្រាប់តែឃើញកូនរបស់ខ្លួនបានស្លាប់ដោយសារចងក.ធ្វើអត្ដឃាត ភ្លាមនោះមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យ ។
ក្រោយពីនគរបាលជំនាញស្រុកទទួលបានព័ត៌មានខាងលើរួច ភ្លាមនោះក៏ចុះមកធ្វើការពិនិត្យដោយសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍និងក្រុមប្រឹក្សាឃុំ មេភូមិ និងគ្រូពេទ្យ រួចបញ្ជាក់ថា យុវជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន ពុំមានពាក់ព័ន្ធអ្វីផ្សេងឡើយ ។ បន្ទាប់ពីធ្វើការពិនិត្យចប់ នគរបាលជំនាញបានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ