ភ្នំពេញ៖ កម្មវិធីប្រកួតតន្រ្តីជាក្រុមដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា Battle of the Bands Cambodia ឆ្នាំ២០១៩ បានប្រកាសចាប់ផ្តើមហើយ ។ ការប្រកួតនេះស្វាគមន៍ចំពោះក្រុមតន្រ្តីអាជីពកំពូលៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការប្រកួតក្រុមតន្រ្តីនៅប្រទេសកម្ពុជា (Battle of The Band Cambodia) គឺជាព្រឹត្តិការណ៍តន្រ្តីមួយក្នុងចំណោមព្រឹត្តិការណ៍ផ្សេងទៀតរបស់ Kilat Event ឆ្នាំ២០១៩ មានគោលបំណងបំពាក់បំប៉ន និងផ្តល់ឱកាសដល់តន្រ្តីករក្នុងប្រទេសកម្ពុជា ធ្វើឱ្យប្រសើរទ្បើង និងផ្តល់ឱកាសថ្មីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការប្រកួតជម្រុះមានរយៈពេល៤ខែ សម្រាប់ក្រុមតន្រ្តីទាំងអស់ដែលមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា ដើម្បីមានឱកាសទទួលបានកិច្ចព្រមព្រៀងថតវីដេអូជាមួយក្រុមហ៊ុន (Seila Records) ឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ២៥០០ដុល្លារអាមេរិក ឈ្នះទូរសព្ទដៃ IPhoneXR ចំនួនមួយគ្រឿង ការផ្តល់ជូននូវកញ្ចប់អ៊ីនធឺណេតពីក្រុមហ៊ុន Cellcard សម្រាប់សមាជិកក្រុមម្នាក់ៗដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ និងឱកាសចុះកិច្ចសន្យាប្រគំតន្រ្តីរយៈពេលបីខែជាមួយ Hard Rock Café ដែលមានទីតាំងនៅទីរាជធានីភ្នំពេញ។
គណៈកម្មការវាយតម្លៃ រួមមាន លោក ហាន កាវី (Han Kavie) ដែលជាប្រធានរបស់ក្រុមហ៊ុន Seila Record និងគណៈកម្មការមួយរូបទៀតដែលជាជនជាតិអូស្រ្តាលីគឺ លោក អ័ន ហ្រ្គេ (Euan Gray)។ លោក អ័ន (Euan) មានភាពល្បីល្បាញតាមរយៈការច្រៀងបទចម្រៀងប្រពៃណីខ្មែររបស់គាត់ ដោយគាត់បានផលិតវីដេអូជាភាសាខ្មែរ និងជាស្ថាបនិកក្រុមហ៊ុន Song kites។ ជាចុងក្រោយ គឺមានលោក កង ពិសិដ្ឋ (Kang Piseth) ដឹកនាំក្រុមអ្នកលេងហ្គីតា និងអ្នកចម្រៀងសម្រាប់ក្រុម Coconut Band។
ក្រុមតន្រ្តីចូលរួមក្នុងការប្រកួតដោយផ្ញើទាំង សំឡេង ឬវីដេអូនៃបទចម្រៀងដែលជាស្នាដៃនិពន្ធផ្ទាល់របស់ក្រុមខ្លួន (Original Song) ឬក៏ជាបទចម្រៀងដែលច្រៀងទ្បើងវិញ (Cover Song)។ ការដាក់ពាក្យប្រកួតប្រជែងអាចផ្ញើតាមរយៈអ៊ីមែលទៅកាន់ battleofthebandskh@gmail.com ដោយភ្ជាប់មកជាមួយនូវទម្រង់ចុះឈ្មោះដែលអាចរកបាននៅ លើទំព័រ Facebook ផ្លូវការ ដែលមានឈ្មោះ៖ @BattleoftheBandsKH។ ជម្រើសផ្សេងទៀត ក្រុមតន្រ្តីក៏អាចដាក់ពាក្យចូលរូមដោយផ្ទាល់នៅការិយាល័យក្រុមហ៊ុន Kilat Events Co. Ltd ដែលមានអាសយដ្ឋាននៅ អគារជាន់ផ្ទាល់ដី E7 និង E8 អគារលេខ ១២៨ មហាវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
សមាជិកក្រុមទាំងអស់ត្រូវមានអាយុចន្លោះពី ១៦ឆ្នាំ ទៅ៣៥ឆ្នាំ ហើយ៥០%នៃក្រុមត្រូវតែជាជនជាតិខ្មែរ។ ក្រុមទាំងអស់មានរយៈពេលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីផ្ញើវីឌីអូរបស់ពួកគេ។ ក្នុងអំទ្បុងពេលនេះ ក្រុមគណៈកម្មការវាយតម្លៃរបស់យើងនឹងជ្រើសរើសចំនួន១៦ក្រុមដែលពួកគាត់ពេញចិត្តសម្រាប់ការប្រកួតជាផ្លូវការ។
ការប្រកួតចាប់ផ្តើមនៅថ្ងៃទី ២៣ និង ២៤ ខែមីនា ឆ្នាំ២០១៩ នៅ Rock’n’Roll នៃ Hard Rock Café រាជធានីភ្នំពេញ។ ក្រុមតន្រ្តីអាជីពទាំងអស់នឹងត្រូវបានសំរិតសំរាំងយ៉ាងហ្មត់ចត់រយៈពេលពីរថ្ងៃនេះ ដើម្បីជ្រើសរើសយកក្រុមដែលមានសមត្ថភាពសម្រាប់ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។
វគ្គប្រកួតផ្តាច់ព្រ័ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នឹងតម្រូវឱ្យក្រុមដែលបានឆ្លងកាត់មកដល់វគ្គនេះប្រគំនៅលើវេទិកាកម្រិតអន្តរជាតិនៅ Exchange Square’s Park និងមានការសម្ដែងប្រគំតន្ត្រីជាមួយភ្ញៀវពិសេសគឺ ក្រុម Moustache Bandផងដែរ៕ វឌ្ឍនា