ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២៥ខែមករាឆ្នាំ២០១៩នេះ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ រួមជាមួយនឹងមន្រ្តីសាលារាជធានីភ្នំពេញ បានអញ្ជើញទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋ អាមេរិក ដែលដឹកនាំដោយលោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ (Dr . Robert GARCIA) អភិបាលក្រុងឡុងប៊ិច មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ លោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ និងគណៈប្រតិភូ នឹងបំពេញទស្សនកិច្ចនៅលើទឹកដីព្រះរាជាណាចក្រម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៩។
យោងតាមតារាងកម្មវិធីរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ខែមករាឆ្នាំ២០១៩ លោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ នឹងជួបសម្តែងការគួរសមជាមួយ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយក៏មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រភាពរវាងទីក្រុងឡុងប៊ិច និងរាជធានីភ្នំពេញ ។ ជាមួយនឹងដំណើរទស្សន កិច្ចនេះ លោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ ក៏ជួបពិភាក្សាការងារជាមួយ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសូម ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ពិភាក្សាការងារជាមួយអគ្គនាយកកំពង់ផែស្វយ័តរាជធានីភ្នំពេញ និងចុងក្រោយលោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ នឹងជួបពិភាក្សាការងារ ជាមួយលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៕ សំរិត