ភ្នំពេញ៖ សពរបស់អតីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា ខេមរៈស្រីពៅ នៅមិនទាន់បានដឹកមកដល់ទឹកដីកំណើតនៅឡើយទេក្រោយពីតារាស្រីរូបនេះបានទទួលមរណភាពកាលពីរសៀសថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ នៅប្រទេសឥណ្ឌាដោយសារជំងឺរ៉ាំរ៉ៃ ។ នៅភ្នំពេញនាភូមិគ្រឹះតារាចម្រៀងខេមរៈសិរីមន្ត គឺបានរៀបចំតុបតែងរោងពិធីរួចទៅហើយមុនពេល សពនឹងត្រូវដឹកមករៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណីនោះ ។
អ្នកនិពន្ធ និងត្រូវជាបងប្រុសកញ្ញា ខេមរៈ ស្រីពៅ គឺលោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង១រសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ ថាកញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោកបានទទួលមរណភាពហើយ ។ លោក ថា «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ» ហើយលោកបានរៀបរាប់ដោយក្តុកក្តួលថា «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ» ។ រោងបុណ្យសពរបស់តារាចម្រៀងរូបនេះត្រូវបានរៀបចំរួចជាស្រេច ដែលបង្ហាញពីរូបភាពដ៏សង្វេកអាណិតតារាស្រីរូបនេះក្រៃលែងដែលមិនសមនឹងទទួលមរណភាពក្នុងវ័យដ៏ក្មេងខ្ចីនោះទេ ។
ប្រភពព័ត៌មានពីបងថ្លៃស្រីរបស់នាងបានបញ្ជាក់ទៀតថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរយូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារមិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេពោលគឺទើបតែរយៈពេល២ខែនេះនាងមានអាការធ្ងន់ធ្ងរទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ ។
តាមការអះអាងរបស់ក្រុមគ្រួសារ ខេមរៈ សិរីមន្ត បានឱ្យដឹងថា ស្រីពៅ មានជំងឺសួត និងក្រពះ ហើយព្យាបាលរយៈពេល៤ឆ្នាំមកហើយដូចជានៅ ថៃ និងប្រទេសឥណ្ឌា តែចុងក្រោយនៅតែមិនអាចជួយជីវិតនាងបានដដែល ។ ភរិយាលោក ខេមរៈ ភារុណ បានបញ្ជាក់ថាសពស្រីពៅ នឹងធ្វើបុណ្យនៅផ្ទះរបស់ សិរីមន្ដ នាវិថីឧកញ៉ាទ្រីហេង ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខាងមុខសួន សុបិន្តចម្ការព្រីងគឺ មិនទៅធ្វើនៅកំពង់ចាមទេ ។ ទោះជាយ៉ាងណាអ្នកស្រីនៅមិនទាន់បញ្ជាក់នៅឡើយទេថាតើពេលណាដែលសពរបស់ស្រីពៅត្រូវបានដឹកមកដល់ភ្នំពេញនោះទេ៕ វឌ្ឍនា