ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៥នាក់ ក្នុងពេលចុះត្រួតពិនិត្យរដ្ឋបាល នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយសារពួកគេ បានឆ្លងដែនចូលមកប្រកបមុខរបរលក់ឆ្នោតវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត ។
ប្រភពពីសមត្ថកិច្ចបន្តថា ជនជាតិវៀតណាមដែលឃាត់ខ្លួននេះ គឺបានឆ្លងដែនចូលមកលក់ឆ្នោតក្នុងទឹកដីខ្មែរ រៀងរាល់ថ្ងៃហើយដើរលក់ឆ្នោតវៀតណាមគ្រប់ច្រកល្ហកយ៉ាងអនាធិបតេយ្យ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ធ្លាប់ឧស្សាហ៍ឃើញសមត្ថកិច្ចចាប់ធ្វើកិច្ចសន្យា និងអប់រំណាស់ ពេលអប់រំរួច ក៏ដេញឲ្យត្រឡប់ទៅវិញ ។ ប៉ុន្តែរូបភាពនេះ បានកើតឡើងដដែលៗ ជនដែលត្រូវចាប់បាន ក៏មុខដដែលៗ មិនដឹងថ្ងៃណាទើបចប់ទេ ។
ប្រជាពលរដ្ឋបានរិះគន់ទៀតថា អ្នកលក់ឆ្នោតវៀតណាមនេះ ពួកគេជិះម៉ូតូចូលមកតាមច្រករបៀងតាមព្រំដែនមកព្រឹក ល្ងាចទៅវិញ រាល់ថ្ងៃ ដោយពួកគេបង់ប្រាក់ឲ្យសមត្ថកិច្ច ដែលឈរជើងនៅតាមច្រករបៀងទើបចូលមកស្រួលបែបនេះ ។ បើចង់បញ្ចប់រឿងនេះ ចង់លែងឲ្យមានជនជាតិវៀតណាមចូលមកលក់ឆ្នោតនៅក្នុងស្រុកខ្មែរទៀត គឺដូចជាលំបាកជាងអូសឫស្សីបញ្ច្រាសចុងទៅទៀត ៕ យឹម សុថាន