ខេត្តកំពង់ធំ៖ លំនៅឋានប្រជាពលរដ្ឋ មួយខ្នង ដែលសង់អំពីឈើ ប្រក់ក្បឿង មានទំហំ ៧ម៉ែត្រ X ១១ម៉ែត្រ ត្រូវបានអគ្គិភ័យ ឆេះ យ៉ាងសន្ធោរសន្ធៅ ព្រមទាំងបានបំផ្លាញទ្រព្យសម្បត្តិមួយចំនួនទៀត ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលា ម៉ោង១១ និង២០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានបង្ហើបឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមគ្រួសាររបស់គាត់ បានទៅរស់នៅផ្ទះម្តាយ ក្មេក នៅទល់មុខផ្ទះឆេះ ហើយផ្ទះរបស់គាត់បិទទ្វារចោល ស្រាប់តែមកដល់ព្រឹក ថ្ងៃកើតហេតុ ផ្ទះម្តាយក្មេកបាន ដាច់ភ្លើង ហើយក្រឡេក មកមើលផ្ទះរបស់ខ្លួន ស្រាប់ឃើញមាន អណ្តាតភ្លើង កំពុងឆាបឆេះផ្ទះ របស់ខ្លួនយ៉ាងសន្ធោរសន្ធៅ ទើបមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ស្រែកឆោឡោ និងរត់មកជួយពន្លត់ បន្ទាប់បានឃើញរថយន្ត បាញ់ទឹករបស់ស្នងការដ្ឋានខេត្តកំពង់ធំ ជួយអន្តរាគមន៍ បាញ់ពន្លត់ អស់ជាច្រើនឡាន ទើបបណ្តាលឲ្យ អណ្តាតភ្លើងរលត់អស់ ១០០% និងមិនឆេះរៀលដាល់ ដល់ផ្ទះអ្នកជិតខាង ។
លោក ហៀង ហ៊ល ស្នងការរងអគ្គិភ័យ បានប្រាប់ឲ្យដឹងថា ករណីនេះកម្លាំង សមត្ថកិច្ចចម្រុះ បានចុះជួយអន្តរាគមន៍ បាញ់ទឹកភ្លាមៗ អស់ចំនួន៧ឡាន ទើបអាចទប់ទល់ ស្ថានភាពបានលោកបន្តថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឡេក គឹមហួរ អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ករណីនេះ បានឆេះអស់ផ្ទះមួយខ្នង ទាំងស្រុង និងទ្រព្យសម្បត្តិមួយ ចំនួនមាន ដូចជា សម្លៀកបំពាក់ គ្រឿងអល្ល័ង្កា ខ្សែករ ជញ្ជៀន គ្រឿងសង្ហារឹម និងម៉ូតូស៊េរីចាស់២គ្រឿង ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហា គ្រោះអគ្គិភ័យតែងតែកើតឡើង ជាយថាហេតុ នៅរដូវប្រាំងនេះ ៕ ប៊ុនរិទ្ធី