ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាចោរលួចម៉ូតូត្រូវបានកម្លាំងកងរាជ្យ អាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនពីបទលួច កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹក ស្ថិតនៅចំណុចម្តុំយឿត្រី ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានធ្វើការសាកសួរចប់នីតិវិធី លុះនៅថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ត្រូវចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសរជាបណ្ដោះអាសន្ន ។
ជនសង្ស័យឈ្មោះ សុខ មាន ហៅមិន ភេទប្រុស អាយុ ៣៤ឆ្នាំ ទីកន្លែងស្នាក់នៅនឹងមុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខ ភ្នំពេញ 1BG-2759 ជារបស់ជនរងគ្រោះ ឈ្មោះ ឌី ម៉ៅ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅចំណុច ម្តុំយឿត្រី ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ ដែលប្រព្រឹត្តិនៅចំណុចម្តុំយឿត្រី ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមការសួរចម្លើយ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបគេបានសារភាពថា នៅថ្ងៃកើតហេតុ រូបគេបានដើរទៅម្តុំយឿត្រី ដើម្បីទៅសុំលុយពីបងធម៌របស់ខ្លួន ក្រោយពេលត្រលប់មកវិញ ក៏ឃើញម៉ូតូ១គ្រឿង ខាងលើ ចតទុកចោល គ្មានម្ចាស់នៅក្បែរ រូបគេបានដើរទៅអង្គុយលើ ម៉ូតូនោះ ហើយបានយកសោមួយចង្កោម ដែលរូបគេត្រៀមទុកសម្រាប់លួចកាច់ ក ម៉ូតូ បំរុងចាក់កាច់ ក ម៉ូតូ ជនរងគ្រោះ ខាងលើ តែត្រូវប្រជាពលរដ្ឋ នៅក្បែរនោះ ឃើញបានស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌច្បារអំពៅ ដែលកំពុងល្បាតក្នុងភូមិសាស្រ្តនោះ ឃើញបានចុះមកឃាត់ខ្លួនភ្លាមៗផងដែរ។ រូបគេបានបញ្ជាក់ទៀតថា កន្លងមកធ្លាប់ធ្វើសកម្មភាពលួចកង់ និងកាបូបរបស់ប្រជាពលរដ្ឋនៅម្តុំមុខវាំងបានសម្រេចចំនួន ៣ដងផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅឃុំខ្លួនដាក់ពន្ធនាគារព្រៃសរជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ៕ ស រស្មី