ខេត្តកំពង់ធំ៖ ករណីលង់ទឹកស្លាប់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចបឹងតាពីរ ភូមិសាស្រ្ត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡន ឡាភេទប្រុស អាយុ ៤២ ឆ្នាំ នៅភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ទទួលបានព័ត៌មានថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ម៉ោង១២និង៤០នាទី កម្លាំងជំនាញពិនិត្យហេតុស្រុក សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំចុះទៅពិនិត្យសព។
សពមានក្លិនស្អុយ មានឈាមលាយទឹកហូរតាមច្រមុះ និងមាត់ ពោះប៉ោង ម្រាមដៃទាំងសងខាងក្ដាប់ ក្រៅពីនេះពំុមានស្លាកស្នាមអ្វីឡើយ។
តាមការបំភ្លឺពីឈ្មោះ យ៉េន រ៉ាត់ អាយុ ៣៩ឆ្នាំ ជាប្រពន្ធបញ្ជាក់ថា ប្តីគាត់ជាមនុស្សស្រវឹងស្រាជាប្រចាំ ហើយនៅថ្ងៃទី២៦/០១/២០១៩ ម៉ោងប្រហែលប្រាំល្ងាចប្តីគាត់ស្រវឹងស្រាហើយបានអំុទូក(ប៉ាឡា)ទៅដាក់សំរាស់នៅកណ្តាលបឹងតាពីរតែម្នាក់ឯង រហូតដល់ម៉ោង១០យប់មិនឃើញមកវិញក៏គាត់ចូលដេក ព្រោះប្តីគាត់ពេលស្រវឹងកន្លែងណាក៏ដេកដែរ។
លុះព្រឹកឡើងថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៩ម៉ោងប្រហែល ៨.០០នាទីព្រឹក គាត់បានទៅរកប្តី ប៉ុន្តែឃើញតែ ទូកអណ្តែត ក៏រកគេមុជរាវរកកន្លែងដាក់សំរាស់ឃើញប្តីគាត់ស្លាប់ទៅហើយ។
ការបំភ្លឺពីឈ្មោះ ពេជ្រ ប៉ោះ ភេទប្រុស អាយុ ២៧ឆ្នាំ នៅម៉ោងប្រហែល៥ល្ងាច ពេលខ្លួន និងអ្នកភូមិស្វាយអៀ ប្រហែលជាងដប់នាក់សែនក្របីផ្ញើរលោកតា នៅមាត់បឹង ពេលនោះឈ្មោះ ឡន ឡា ឈរលើទូកបោះសំរាស់តែម្នាក់ឯងក្នុងបឹង បន្ទាប់ពីសែនរួចពួកខ្លួនបានទៅឃាត់គេមិនអោយបូមទឹកចេញពីបឹង ម៉ោងប្រហែល៨ យប់ ត្រឡប់មកវិញឃើញទូកអណ្តែតតែមិនចាប់អារម្មណ៍ក៏មកដេករៀងៗខ្លួន។
លុះព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ឈ្មោះ យ៉េន រ៉ាត់ បានទៅរកប្តីគាត់ តែឃើញតែទូក និងកញ្ចប់ថ្នាំជក់ ក៏មានការសង្ស័យ អោយពួកខ្លួនមុជរាវរកកន្លែងដាក់សំរាស់ ក៏ឃើញសព ឡន ឡា ដោយគន្លាក់ជង្គង់ស្តាំ ជំពាក់ និងខ្សែរនីឡង់ព័ទ្ធជំុវិញសំរាស់ក្បាលចុះក្រោម ហើយបាននាំគ្នាស្រង់សែងយកមកផ្ទះនៅភូមិស្វាយអៀ។
ការសន្និដ្ឋានឈ្មោះ ឡន ឡា ពិតជាស្រវឹងធ្លាក់ទឹកលង់ស្លាប់ពិតប្រាកដមែន។
សពប្រគល់អោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី