ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ យ៉ាំងកាវ​៣វង់ កំពុងធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចលោកលឹម សុក្រឹត

ចែករំលែក៖

គេរាយការណ៍ថា បទល្មើសនេសាទប្រភេទអូសយ៉ាំងកាវ​ចំនួន៣វង់​កំពុងធ្វើសកម្មភាព​នៅ​ផ្ទៃបឹងទន្លេសាប​ត្រង់ចំណុច​តំបន់អភិរក្ស អតីតឡូត៍លេខ២ ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការដែល​គេអាចអូសយ៉ាំងកាវ​បាននៅតំបន់​អតីតឡូត៍អភិរក្សលេខ២នោះ ក៏ព្រោះតែ​ពួកឈ្មួញ​បានត្រូវរ៉ូវជាមួយ​នាយសង្កាត់​រដ្ឋបាលជលផល​បាកាន លោក លឹម សុក្រឹត រួចរាល់ហើយ ។ ក្រៅពីបទល្មើស នៃការអូសយ៉ាំងកាវ​ទាំង៣វង់ ដែលធ្វើសកម្ម​ភាពជាប្រចាំនោះ ក៏មានបទល្មើសផ្សេងៗទៀត​បានកំពុងដំណើរការ​យ៉ាងគគ្រឹកគគ្រេងដែរ ។

ប្រភពបានឲ្យដឹងថា ថៅកែ​យ៉ាំងកាវ​ជាជនជាតិវៀតណាមឈ្មោះ ង្វៀង យ៉ាងវើក និងង្វៀង យ៉ាងដឹក… ដោយមានការសម្របសម្រួលពីមេការជនជាតិខ្មែរឈ្មោះ រើន បាននិងកំពុង​ឃុបឃិតគ្នា​ជាមួយលោក​លឹម សុក្រឹត កសាងបទល្មើសនេសាទ​យ៉ាងគគ្រឹកគគ្រេង​នៅក្នុងអតីតឡូត៍លេខ២ ។ បុរសជនជាតិវៀតណាមទាំងពីរនាក់​អះអាងថា ខ្លួនអាចនេសាទដោយសេរីនៅអតីតឡូត៍លេខ២ ក្នុងដែនសមត្ថកិច្ចរបស់លោក​លឹម សុក្រឹត បានដោយស្រួលនោះ ព្រោះតែបានដោះស្រាយ (បង់លុយ) ឲ្យ​នាយសង្កាត់រដ្ឋបាលជលផលបាកានរួចហើយ ។ ប្រសិនបើ​ពួកគេមិនបង់ប្រាក់ គឺគ្មាននរណាហ៊ានចូលមកនេសាទយ៉ាងសេរីដូចសព្វថ្ងៃនេះទេ ។

លោកលឹម សុក្រឹត ត្រូវបានក្រុមមន្ត្រី​នៃមន្ទីរកសិកម្ម​ខេត្តពោធិ៍សាត់អះអាងថា ជាមន្ត្រីវ័យក្មេង និងធ្វើការងាររហ័សរហួន ។ ប៉ុន្តែចាប់តាំងពីលោកត្រូវបាន​មកកាន់ការងារ​នៅខេត្តពោធិ៍សាត់ ត្រូវបាន​ថ្នាក់ដឹកនាំផ្លាស់ប្តូរការងារច្រើនកន្លែង ព្រោះតែពាក់ព័ន្ធនឹងអំពើពុករលួយ ។ បើទោះជាយ៉ាងណាក៏ដោយ លោកលឹម សុក្រឹត មិនរអារនឹងប្រព្រឹត្តអំពើពុករលួយនោះដែរ ។ ការដែល​លោក មិនញញើតនឹងប្រព្រឹត្តអំពើពុករលួយ ក៏ព្រោះតែ​មានថ្នាក់ដឹកនាំខេត្តជាខ្នងបង្អែក ។ យ៉ាងណាក៏ដោយ គេរំពឹងថា លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នឹងពិនិត្យមើល​ករណីបទល្មើសនេសាទ នៅក្នុងដែនសមត្ថកិច្ច​របស់លោកលឹម សុក្រឹតនោះផង ។

បញ្ហាបទល្មើសនេសាទ នៅក្នុងបឹងទន្លេសាបខេត្តពោធិ៍សាត់ ជាប្រធានបទក្តៅមួយ ។ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ហាក់ដូចជាមិនចាប់អារម្មណ៍ ក្នុងការបង្ក្រាបនោះឡើយ ។ កាលពីខែមុន អាជ្ញាធរខេត្តបានបើកយុទ្ធនាការគគ្រឹកគគ្រេង​ក្នុងការបង្ក្រាបបទល្មើសនេះ ប៉ុន្តែ​លទ្ធផលមិន​បានដូចការរំពឹងទុកនោះទេ ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋខេត្តពោធិ៍សាត់និយាយថា វាប្រៀបដូចជា ជិះទូកដើរលេងបឹងទន្លេសាប នៃថ្នាក់ដឹកនាំខេត្តពោធិ៍សាត់តែប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយគេរំពឹងថា ករណី​បទល្មើសនេសាទ​ដែលកំពុងកើតមានក្នុងដែនសមត្ថកិច្ច​លោកលឹម សុក្រឹត អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរកសិកម្ម​ខេត្ត​មិនព្រងើយកន្តើយនោះឡើយ ៕


ចែករំលែក៖