ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពីបទរំលោភសេចក្ដីទុកចិត្ត

ចែករំលែក៖

ប៉ោយប៉ែត: ជនសង្ស័យម្នាក់ត្រូវ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខេត្តចោទពីបទរំលោភលើសេចក្តីទុកចិត្ត និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ១៥នាទីយប់ កម្លាំងកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ពីបទរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ។ ការចុះប្រតិបត្តិការបង្រ្កាបករណីនេះបានធ្វើឡើងនៅចំណុចមណ្ឌលបី ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ៖ ដោយយោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះឈ្មោះ អាត់ សុជាតិ ភេទ ស្រី អាយុ ២០ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/ឃុំ កើតហេតុខាងលើ និងទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ វ៉េត សារុំ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/ឃុំកើតហេតុខាងលើ ព្រមទាំងបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាក Scoopy Mini ចំនួន ០១ គ្រឿង។

បន្ទាប់ពីឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា ៖តាមការបំភ្លឺរបស់ជនរងគ្រោះ នៅថ្ងៃកើតហេតុកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យជាអ្នកជិតខាងនិងគ្នា ហើយបានខ្ចីម៉ូតូរបស់ខ្លួនជិះទៅទិញឥវ៉ាន់នៅខាងក្រៅ តែមិនឃើញយកម៉ូតូមកឲ្យខ្លួនវិញសោះ លុះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ទើបខ្លួនសម្រេចចិត្តមកប្តឹងសមត្ថកិច្ចតែម្តង ។

ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន គឺខ្លួនខ្ចីម៉ូតូជិះទៅលេងល្បែង(ហ្គេមបាញ់ត្រី) ពេលលេងល្បែងចាញ់ក៏សម្រេចចិត្តដាក់បញ្ចាំម៉ូតូរបស់ជនរងគ្រោះ ដើម្បីយកប្រាក់មកលេងល្បែងបន្តដោយសង្ឃឹមថាអាចស្រង់ដើមមកវិញ ប៉ុន្តែត្រូវចាញ់ប្រាក់អស់ពីខ្លួន រួមទាំងប្រាក់បញ្ចាំម៉ូតូផងដែរ ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើចោទពីបទ រំលោភលើទំនុកចិត្ត ។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកម៉ូតូ ដែលជនសង្ស័យបានដាក់បញ្ចាំ កម្លាំងជំនាញកងរាជអាវុធហត្ថ បានដកហូត និងបានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ ៕ វណ្ណា


ចែករំលែក៖