ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់សួរនាំ ក្រោយពីសង្ស័យថា លួចគាស់ផ្ទះប្រជាពករដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាប្តឹងសមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍ឃាត់ខ្លួនបុរសម្នាក់យកទៅ សួរនាំបន្ទាប់ពីសង្ស័យថា លួចគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៧ ខែមករា ​ឆ្នាំ​២០១៩ នៅផ្ទះ​ជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ ឆាំ រតនៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែកជន​រង​គ្រោះ​ឈ្មោះ សុខ ភី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​​បានឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩​មានជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​របស់​គាត់ដោយលួច​យក​របស់របរ​ដូច​ជា ឆ្នាំងបាយ​អគ្គិសនី តុក្កតា ព្រមទាំង​ប៊ី​ចេ​ង ស្ករ ត្រូវ​បាន​ជនសង្ស័យ លួច​យក​អស់​គ្មាន​សល់ ។

ក្រោយមក​អ្នក​ជិតខាង​ឃើញ​តុក្កតា​ដែល​ស្ត្រីជន​រង​គ្រោះ​បាត់​នៅ​ក្នុង​បន្ទប់​​ជួល​របស់​ជនសង្ស័យ ពេល​នោះ​ដែរ​សុំ​ឆែក​រក​មើល​ក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ខាងលើ តែ​ជនសង្ស័យ​ព្រមទាំង​ប្រពន្ធ​ថា​តុក្កតា​ខាងលើ​នោះ​គឺ​គាត់​បាន​ទិញ​ពី​ក្មេង​រើស​អេ​ត​ចាយ​នៅ​តាម​ផ្លូវ ហើយ​ជនសង្ស័យ​និយាយ​ថា ខ្លួន​មិន​បាន​លួច​របស់របរ​ជន​រង​គ្រោះ​នោះ​ឡើយ ហើយ​នៅ​ពេល​ជន​រង​គ្រោះ និង​អ្នក​ជិតខាង​ផ្ទះ​ជួល​ខាងលើ បានឃើញ​តុក្កតា​ខាងលើ​ពិតប្រាកដ​មែន ក៏​ទាក់ទង​ទៅ​ម្ចាស់ផ្ទះ​ជួល ដើម្បី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា តាំងពី​ជនសង្ស័យ​មក​រស់នៅ​ផ្ទះ​ជួល​ខាងលើ ប្រមាណ​ជិត​២​ខែ​កន្លង​មកនេះ បន្ទប់ជួល​របស់អ្នក​រស់នៅ​ក្បែរតែងតែបាត់​របស់របរ​ជា​ច្រើន​លើក​ផង​ដែរ ហើយ​គេ​សង្ស័យ​ជា​ច្រើន​ដង​មក​ហើយ តែ​មិន​ទាន់​ឃើញ​ភស្តុ​តាង ។

បន្ទាប់​មក​ជន​រង​គ្រោះ​ខាងលើ​មិន​បាន​ប្តឹង​ជនសង្ស័យ​នោះ​ឡើយ គ្រាន់តែ​ឲ្យ​ម្ចាស់ផ្ទះ​ជួល​បណ្តេញចេញ​ទាំង​យប់ ហើយ​សមត្ថកិច្ច​ឱ្យ​ជនសង្ស័យ​ធ្វើ​កិច្ចសន្យា និង​ធ្វើ​សាវតា​ជាតិ​ទុក និង​ឲ្យ​ប្រពន្ធ​មក​ធានា​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕ សុខាសែនជ័យ


ចែករំលែក៖