ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ចុះពីលើរថយន្តឈ្នួលដួលសន្លប់ត្រូវបានបញ្ជូនទៅសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ខណ:ដែលទើបចុះពីរថយន្តឈ្នួល រៀបនឹងបន្តដំណើរឡើងជិះរថយន្ត ឈ្នួលផ្សេងមួយគ្រឿងទៀត ដើម្បីបន្តទៅស្រុក ស្រាប់តែខ្យល់គរ ដួលសន្លប់ស្តូកស្តឹង ផ្អើលអ្នកជិតខាងជួយ និងហៅរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅសង្រ្គោះបន្តនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅជាប់របងក្រុមហ៊ុនលក់រថយន្ត ខាងត្បូងរង្វង់មូលចោមចៅ លើផ្លូវជាតិលេខ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះ ឈ្មោះ ភាព ស្រីល័ក្ខ អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។

ប្រភពព័ត៌មានបានឲ្យដឹងថា​ មុនកើតហេតុ នារីរងគ្រោះ រួមដំណើរជាមួយបងស្រីបង្កើតម្នាក់ទៀត ជិះរថយន្តឈ្នួល វិលមកពីខេត្តកំពង់ស្ពឺ មកចុះត្រង់ចំណុចខាងលើ ដើម្បីរងចាំរករថយន្តឈ្នួល ឡើងជិះបន្តទៅស្រុកបន្ទាយមាស ខណ:ចុះពីលើរថយន្ត មកពីខេត្តកំពង់ស្ពឺហើយ បងស្រីកំពុងរើដាក់ឥវ៉ាន់ចុះ ដើម្បីដាក់ទៅរថយន្តផ្សេងមួយទៀត ស្រាប់តែនារីរងគ្រោះ ជាប្អូនស្រី ឈរសុខៗ កើតមានអាការ:ងងឹតវិលមុខ ខ្យល់គ ដួលសន្លប់ទន់ដៃជើង ផ្អើលអ្នកក្បែរខាង ហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុម: ដើម្បីសង្រ្គោះអាយុជីវិត ៕ សុខាសែនជ័យ


ចែករំលែក៖