បុណ្យសព ក្លាយទៅជាទីតាំងនៃសោកនាដកម្ម បង្កឡើងដោយក្រុមបះបោរ បាញ់ប្រហារបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ជាង៤០នាក់។
ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងនៅក្នុងប្រទេសអាហ្វ្រិកកណ្តាល ជាតំបន់មានអំពើហិង្សាខ្លាំងបំផុត ។ តាមព័ត៌មានពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅ អាហ្វ្រិកកណ្តាលកាលពីថ្ងៃទី២៩ ខែមករា បានឲ្យដឹងថា មានពលរដ្ឋ១៨នាក់ស្លាប់ និង២៣នាក់រងរបួស ដោយសារតែការបាញ់ប្រហារពីក្រុមខ្មាន់កាំភ្លើងទៅលើពលរដ្ឋដែលចូលរួមនៅក្នុងពិធីបុណ្យសព ។
ក្រុមរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមប្រដាប់អាវុធ មកពីសម្ពន្ធមិត្ត ដើម្បីសន្តិភាពបានបើកការវាយប្រហារនៅក្នុងពិធីបុណ្យសពនៅក្នុងស្រុក Ippy ។ ការបាញ់ប្រហារខាងលើកើតឡើង ក្នុងពេលដែលកិច្ចពិភាក្សាស្វែងរកសន្តិភាពសម្រាប់សាធារណរដ្ឋអហ្វ្រិកកណ្តាលកំពុងតែធ្វើឡើងនៅ ស៊ូដង។
សាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺជាប្រទេសក្រីក្របំផុតលើពភពលោកត្រូវប្រឈមនឹង អំពើហសិង្សាជាតិសាស្ត្រ សាសនាចាប់តាំងពីឆ្នាំ ២០១៣ មកទល់ពេលនេះ ។ ក្រុមអិស្លាម Seleka បាននាំគ្នាក្រោកឈរឡើងទាមទារផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Francois Bozize ។
ប៉ុន្មានខែចុងក្រោយនេះ ស្ថានភាព អំពើហិង្សាបានកើនឡើង និងរាលដាលជាទ្រង់ទ្រាយធំ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាល ។ បច្ចុប្បន្នកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាង១៣ពាន់នាក់ បានខិតខំរក្សាសន្តិភាពជូនពលរដ្ឋចាប់តាំងពីឆ្នាំ២០១៤មកទល់ពេលនេះ ៕