ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែតមកដឹកបុរសជនជាតិបរទេសម្នាក់ បានដួលសន្លប់នៅមុខចំណតរថយន្តវីរៈប៊ុនថាំង នៅក្បែរផ្សាររាត្រី ខណៈដែលបុរសរូបនេះ ជិះរ៉ឺម៉កម៉ូតូមកឈប់នៅចំណុចកើតហេតុ ។
ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខចំណតរថយន្តវីរៈប៊ុនថាំងក្បែរ និងផ្សាររាត្រី តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជាជនជាតិបរទេសម្នាក់មិនស្គាល់អត្តសញ្ញាណវ័យជាង៥០ឆ្នាំ ជិះរ៉ឺម៉កម៉ូតូមិនដឹងថាមកពីណានោះទេ លុះមកដល់មុខចំណតរថយន្តវីរៈប៊ុនថាំង ដោយមានស្ពាយសាក់កាដូ និងយួរថង់ ក្នុងនោះមានទឹកបរិសុទ្ធចំនួន២ដប និងកំប៉ុងស្រាបៀរមួយកំប៉ុងផងដែរ ។ បន្ទាប់មកជនបរទេសនោះក៏បានចុះមកពីលើរ៉ឺម៉កម៉ូតូ បានបន្តិចស្រាប់តែដួលសន្លប់តែម្តង និងបង្កការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋខ្មែររួមទាំងជនបរទេស និងសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ ចុះមកដល់កន្លែងកើតហេតុ ដោយធ្វើការទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត្រដឹកយកទៅសង្គ្រោះភ្លាមៗ ។
តាមប្រភពព័ត៌មានពីសាក្សីខ្លះ បាននិយាយថា ជនរងគ្រោះអាចបណ្ដាលមកពីផឹកស្រវឹងរហូតខ្យល់គរសន្លប់បែបនេះ ៕ស រស្មី