ព័ត៌មានទាន់ហេតុការណ៍៖

​បណ្តាសម្ពន្ធមិត្តរបស់ប្រធានាធិបតីទាំងពីរនៅវេណេហ្សុ៊យអេឡា

ចែករំលែក៖

មេបក្សប្រឆាំងតាំងខ្លួនជាប្រធានាធិបតីថ្មីទទួលបានការគាំទ្រពីអាមេរិក និងអឺរ៉ុប ប៉ុន្តែប្រធានាធិបតីចាស់ លោក ម៉ាឌូរ៉ូ វិញ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីកម្លាំង ទាហាន តុលាការកំពូល និងបណ្តាប្រទេសមហាអំណាចបរមាណូផ្សេងទៀតមានរុស្ស៊ី ចិន និងកូរ៉េខាងជើងជាដើម ។

ប្រធានាធិបតីម៉ាឌូរ៉ូដឹកនាំប្រទេសតាំងពីឆ្នាំ២០១៣ មកទល់ពេលនេះដោយលោកទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមេបញ្ជាការកងទ័ពទាំងអស់នៅក្នុងប្រទេស។ កម្លាំង ទាហានបានចាត់ទុកសកម្មភាពរបស់ក្រុមប្រឆាំងគឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ក្នុងចំណោមរដ្ឋមន្ត្រីទាំង៣២រូបនៅក្នុងជួរ រដ្ឋាភិបាល គឺមាន៩រូបមកពីកម្លាំងយោធា ហើយគ្រប់គ្រងស្ថាប័នសំខាន់ៗនៅក្នុង ប្រទេស ក្នុងនោះមានដូចជាក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ឧស្សាហកម្ម ប្រេងកាត បណ្តាញផ្សព្វផ្សាយព្រមទាំងធនាគារផងដែរ ។

ចំណុចទាំងនោះហើយ ទើបលោក ម៉ាឌូរ៉ូ មានកម្លាំងរឹងមាំក្នុងការទប់ទល់ជា មួយក្រុមប្រឆាំងដែលលោកខាងលិច គាំទ្រ ។ កន្លងមកថ្មីៗនេះប្រទេសកូរ៉េខាងជើងតាមសេចក្តីរាយការណ៍កំពុងតែអំពាវនាវឲ្យមានសាមគ្គីភាពនិងសហប្រតិបត្តិការសង្គមនិយមជាមួយលោកប្រធានាធិ បតីវេណេហ្សុ៊យអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ស្របពេលដែលប្រទេសនានាដូចជាចិននិងរុស្ស៊ីជាដើម កំពុងគាំទ្រដល់របបនោះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសកាលពីថ្ងៃចន្ទប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងពង្រីកចំណងមិត្តភាពជាមួយទីក្រុងការ៉ាកាស់តាមរយៈបណ្ដាញការ ទូត បើទោះជាមានសំណើពីប្រជាពលរដ្ឋ វេណេហ្សុ៊យអេឡាសុំឲ្យលោក ម៉ាឌូរ៉ូ ចុះ ចេញពីតំណែងក៏ដោយ ។

បើទោះបីអាមេរិក និងលោកខាងលិចបានគាំទ្រមេបក្សប្រឆាំងថាជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសវេណេហ្សុ៊យ អេឡាក្តី ប៉ុន្តែក្រុមប្រឆាំងពិបាកយកឈ្នះទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាឌូរ៉ូ ដោយសារមានប្រទេសជាច្រើនទៀតគាំទ្រផងដែរ ក្នុងនោះមានរុស្ស៊ី ចិនជាដើម ។

ជាមួយគ្នានេះតុលាការកំពូលរបស់ វេណេហ្សុ៊យអេឡាបានចេញសេចក្តីប្រកាសហាមមេបក្សប្រឆាំងចេញទៅបរទេសស្វែងរកជំនួយ ។មិនតែប៉ុណ្ណោះតុលាការក៏បានបញ្ជាឲ្យបង្កកប្រាក់នៅក្នុងធនាគារទាំង អស់របស់មេបក្សប្រឆាំង ។ សកម្មភាព ទាំងនោះគឺជាការចងជើង ដល់ក្រុមប្រឆាំង មិនអាចបន្តសកម្មភាព ប្រឆាំងរដ្ឋាភិបាលបានយូរអង្វែងនោះឡើយ ។

សារព័ត៌មានBBC នៅថ្ងៃទី៣០ ខែមករា បានផ្សាយថា តុលាការកំពូលវេណេហ្សុ៊យអេឡាបានចេញបម្រាមហាមឃាត់មេដឹកនាំបក្សប្រឆាំង លោក Juan Guaidó ចេញ ពីប្រទេស និងបង្កកគណនីធនាគាររបស់លោកទាំងអស់ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ ។

សកម្មភាពខាងលើរបស់តុលាការកំពូល ជាការបង្ហាញនូវភាពស្មោះស្ម័គ្រនឹងលោកម៉ាឌូរ៉ូ ធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីអគ្គរដ្ឋអាជ្ញាវេណេហ្សុ៊យអេឡា លោក Tarek William Saab បានដាក់សំណើមួយឱ្យចាត់វិធាន ការប្រឆាំងនឹងលោក Guaidó។ ប្រធាន តុលាការកំពូល លោក Maikel Moreno បានបញ្ជាក់ដូច្នេះថា «មេដឹកនាំបក្សប្រឆាំងត្រូវជាប់បម្រាមចាកចេញពីប្រទេសរហូតដល់ការស៊ើបអង្កេតត្រូវបញ្ចប់ទាំងស្រុងជុំវិញសកម្មភាពរបស់លោកដែលកំពុងបំផ្លាញសន្តិភាពនៅក្នុងប្រទេសវេណេហ្សុ៊យ អេឡា»។

ក្រោយពេលមានការប៉ុនប៉ងធ្វើរដ្ឋ ប្រហារពីក្រុមប្រឆាំង ដោយកន្លងមកមេដឹកនាំបក្សប្រឆាំងបានប្រកាសតាំងខ្លួនជា ប្រធានាធិតីនៅក្នុងប្រទេសនេះ និងអំពាវនាវដល់កម្លាំងទាហានឈប់គាំទ្រប្រធានាធិបតីម៉ាឌូរ៉ូធ្វើឲ្យស្ថានភាពកាន់តែតានតឹង ពិសេសក្រោយពេលដែលអាមេរិកនិងលោកខាងលិច ប្រកាសទទួលស្គាល់មេបក្សប្រឆាំងថាជាប្រធានាធិបតីស្របច្បាប់នៅវេណេហ្សុ៊យអេឡា ។

សកម្មភាពរបស់ក្រុមប្រឆាំងអាចជំរុញឲ្យមានសង្គ្រាមស៊ីវិលកើតឡើងដោយ អាមេរិកអាចនឹងលូកដៃ បញ្ជូនកម្លាំង ទាហានមកការពារក្រុមប្រឆាំង ។ ចំណុច ទាំងនោះហើយទើបប្រធានាធិបតីវេណេហ្សុ៊យអេឡា លោកម៉ាឌូរ៉ូ បានប្រកាស ពង្រីកកម្លាំងទាហានដល់ទៅ២លាននាក់ សម្រាប់ទប់ទល់ស្ថានការណ៍បញ្ជៀសដានជើងនៅក្នុងប្រទេសស៊ីរី ។

មេដឹកនាំវេណេហ្សុ៊យអេឡា Nicolas Maduro បានបញ្ជាក់អំពីផែនការពង្រីក កងជីវពលការណ៍ពារជាតិដើម្បីឆ្លើយតប ចំពោះស្ថានការតានតឹង ជាមួយអាមេរិក។ លោក Maduro បាននិយាយនៅមុនពេលប្រមូលផ្តុំកងទ័ពកាលពីថ្ងៃអង្គារថា លោក មានគម្រោងពង្រីកកងជីវពលបំពាក់អាវុធដល់ជនស៊ីវិល២លាននាក់នៅពាក់កណ្តាលខែមេសាឆ្នាំនេះ ។

កងទ័ពបម្រុងនេះ គឺបង្កើតឡើងដោយ អតីតមេដឹកនាំ Hugo Chavez ដែលហ្វឹកហ្វឺនជនស៊ីវិលដើម្បីជួយដល់កងកម្លាំង ប្រដាប់អាវុធ និងការពារបដិវត្តន៍សង្គម និយមពីការវាយប្រហារ ។

ការប្រកាសនេះ ខណៈដែលទំនាក់ ទំនងជាមួយអាមេរិកកំពុងតែមានអរិភាពយ៉ាងខ្លាំង ។ អាមេរិកដកសេចក្តីទទួល ស្គាល់ពីរដ្ឋាភិបាលលោក Maduro ថា ជារដ្ឋាភិបាលស្របច្បាប់ ។ អ្នកវិភាគជឿថា ការធ្វើអន្តរាគមន៍យោធារបស់អាមេរិកនៅក្នុងប្រទេសវេណេហ្សុ៊យអេឡាទំនងជាមិនអាចទៅរួចនោះទេប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំ ថ្លែងថា «ជម្រើសទាំងអស់មាននៅលើតុរួចជាស្រេច»។

រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក Pat Shanahan កាលពីថ្ងៃអង្គារ មិនបានបញ្ជាឲ្យបញ្ជូនកម្លាំងទាហានអាមេរិកទៅកាន់កូឡុំប៊ី ឬតំបន់ដែលកំពុងមានភាពចលាចលនយោបាយនោះឡើយ ។ ទីប្រឹក្សា សន្តិសុខជាតិអាមេរិក John Bolton ថ្លែងកាលពីថ្ងៃអង្គារថានឹងមានផលវិបាកធ្ងន់ ធ្ងរ ចំពោះអ្នកទាំងឡាយណាដែលមាន បំណងគំរាមកំហែងដល់មេដឹកនាំប្រឆាំងវេណេហ្សុ៊យអេឡា Juan Guaido ។

លោក Bolton បានថ្កោលទោសចំពោះ អ្វីដែលគាត់ហៅថា «គំរាមកំហែង» ចំពោះ លោក Guaido ពីសំណាក់ប្រមុខរដ្ឋអាជ្ញាវេណេហ្សុ៊យអេឡាថ្មីៗនេះ ។

លោកបញ្ជាក់ថា អ្នកទាំងឡាយណា ដែលព្យាយាមធ្វើឲ្យរបបលទ្ធិប្រជាធិបតេយ្យសាបសូន្យ ឬធ្វើឲ្យគ្រោះថ្នាក់ដល់ លោក Guaido នោះ នឹងប្រឈមនូវផល វិបាកយ៉ាងធ្ងន់ធ្ងរ ។

អាមេរិក និងប្រទេសច្រើនផ្សេងទៀត ទទួលស្គាល់ប្រធានរដ្ឋសភាវេណេហ្សុ៊យអេឡា ដែលជាមេដឹកនាំគណបក្សប្រឆាំង ធ្វើជាប្រធានាធិបតីស្តីទី ហើយចំអកឡកឡឺយដល់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ Nicolas Maduro កាលពីឆ្នាំមុននោះថា ជារឿងគួរឲ្យខ្មាសអៀន ៕ សាធី


ចែករំលែក៖