ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ជុំ ប៊ុនរ័ត្ន បង្កើតប៉ុស្តិ៍កុងត្រូលជជុះយកលុយស្រួលៗ

ចែករំលែក៖

ប្រជាកសិករ​ដែលរកស៊ីដឹកកសិផល​តាមរ៉ឺម៉ក​ម៉ូតូបន្តិចបន្តួច​ទៅប្រទេសវៀតណាម​បានឲ្យដឹងថា លោកជុំ ប៊ុនរ័ត្ន ប្រធាននគរបាលអន្តោប្រវេសន៍នៅច្រកអន្តរជាតិ​​ព្រែកចាក (ខេត្តកំពត) បានឃុបឃិតជាមួយស្ថាប័នផ្សេងទៀត ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ​ដើម្បីយកប្រាក់ពីប្រជាពលរដ្ឋ​ដឹកទំនិញឆ្លងទៅប្រទេសវៀតណាម ។ មិនថា ទំនិញតិចតួច ឬយ៉ាងណានោះទេ គឺត្រូវតែបង់ប្រាក់ឲ្យកូនចៅលោក ជុំ ប៊ុនរ័ត្ន ដែលនៅប្រចាំការ​តាមផ្លូវជាតិលេខ៣៣ ច្រកព្រំដែន ។ គេរាយការណ៍ថា រ៉ឺម៉កម៉ូតូក្នុងមួយគ្រឿង​ត្រូវបង់ជូន​ក្រុមលោកជុំ ប៊ុនរ័ត្ន ២ម៉ឺនរៀល ឬ១០ម៉ឺនដុង ។​

ប្រភពរាយការណ៍ថា ប៉ុស្តិ៍កុងត្រូលជជុះនៅចំណុចភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត​បានដំណើរការ​ជាចំហរ ដោយពួកមន្ត្រីនគរបាលអន្តោប្រវេសន៍ ដាក់តុ និងដាក់បារ៉ាស់ ចាំទទួលយកប្រាក់ពីប្រជាពលរដ្ឋដែលឆ្លងកាត់ជាចំហរ ។ ពួកមន្ត្រី​ប្រចាំការនៅទីនោះអះអាងថា ប្រាក់ទាំងនេះដើម្បីយកទៅទ្រទ្រង់អង្គភាព​របស់ខ្លួន ។ ប្រជាពលរដ្ឋដែលឆ្លងកាត់ដឹកទំនិញកសិកផលតិចតួច ត្រូវបង់ប្រចាំថ្ងៃ ឬក៏​ប្រចាំសប្តាហ៍ក៏បាន ។ ប្រសិនជាមិនបង់ប្រាក់ឲ្យកូនចៅលោកជុំ ប៊ុនរ័ត្ន នៅទីនោះទេ កុំសង្ឃឹមថា អាចវិលកង់ម៉ូតូទៅមុខបាន ។ ប្រជាពលរដ្ឋនិយាយថា ការរកស៊ីតិចតួច ត្រូវតែបង់ឲ្យអស់លោក ដែលប្រចាំការនៅទីនោះ ដោយខានមិនបាន ពីព្រោះពួកគាត់មិនចង់មានរឿងរ៉ាវជាមួយសមត្ថកិច្ចនោះឡើយ ។

ករណីនេះ ត្រូវបានក្រុមអ្នករកស៊ីអះអាងថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ទាំងមន្ត្រីស្ថាប័នផ្សេងៗនៅទីនោះ ប៉ុន្តែយ៉ាងណាក៏ដោយ វាស្ថិតនៅក្រោមការទទួលខុសត្រូវ​របស់លោកជុំ ប៊ុនរ័ត្ន ពីព្រោះថា ការបង្កើត​ឲ្យមានកុងត្រូល​នៅទីតាំងខាងលើ គឺជាការទទួលខុសត្រូវរបស់លោក ជុំ ប៊ុនរ័ត្ន ។ ប្រជាពលរដ្ឋ​អះអាងថា មិនថា ទំនិញតិចតួច ឬច្រើននោះទេ ឲ្យតែឆ្លងកាត់ ប៉ុស្តិ៍របស់​លោកជុំ ប៊ុនរ័ត្ន ត្រូវតែបង់ប្រាក់ដោយខានមិនបាន ។ ប៉ុន្តែ​អាច​ពន្យារពេលការបង់មួយជើង ឬ២ជើង ដោយរង់ចាំការសរុបម្តងមួយសប្តាហ៍ក៏បាន ។ ប្រជាពលរដ្ឋនិយាយថា ដោយការយោគយល់ ទើប​មន្ត្រីនគរបាលប្រចាំការនៅទីនោះ អនុញ្ញតឲ្យបង់ម្តងក្នុងមួយសប្តាហ៍ ។ គេនិយាយថា ការបង់ប្រាក់ម្តង១សប្តាហ៍ ធ្វើឲ្យពួកគេ (អ្នកប្រចាំការនៅទីនោះ)​ខាតបង់ជាងការបង់ប្រចាំថ្ងៃ ៕


ចែករំលែក៖