ព័ត៌មានទាន់ហេតុការណ៍៖

២ថ្ងៃ សមត្ថកិច្ចចម្រុះ ចាប់រថយន្តដឹកទំនិញចូលរាជធានីភ្នំពេញខុសពេលវេលាជិត៣០គ្រឿងនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកទំនិញជិត៣០គ្រឿង ដែលបើកបរចូលរាជធានីភ្នំពេញខុស ពីការណែនាំរបស់សាលារាជធានីភ្នំពេញ ត្រូវបានកម្លាំងចម្រុះចាប់ទុកបណ្តោះអាសន្នដើម្បីណែនាំ និងផាកពិន័យដល់ម្ចាស់រថយន្តធុនធំ ដែលបានបើករថយន្តចូលក្នុងក្រុង បំពានលើសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ ហាមមិនឲ្យរថយន្តធុនធំចូលក្នុងក្រុងចាប់ពីម៉ោង៥ព្រឹក រហុតដល់ម៉ោង៩យប់ ។

លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនចរាចរផ្លូវគោក បានថ្លែងអំពាវនាវដល់ម្ចាស់រថយន្តធុនធំទាំងអស់ ត្រូវគោរពតាមសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញទាំងអស់គ្នា ដើម្បីចូលរួមបញ្ជៀសការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរដែលតែងកើតមានឡើងស្ទើររៀងរាល់ថ្ងៃ ដោយគិតជាមធ្យម ក្នុងរាជធានីភ្នំពេញ មានមនុស្សស្លាប់យ៉ាងហោចណាស់ ២នាក់ ក្នុងរយៈពេល ៣ថ្ងៃ ។

លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ បានប្រាប់ទៅម្ចាស់រថយន្តធនធំទាំងអស់ថា ពេលចេញដំណើរពីទីតាំងដែលដាក់បន្លែ និងទំនិញផ្សេងៗ ធ្វើយ៉ាងលៃលកពេលវេលាឲ្យធ្វើដំណើរមកដល់ភ្នំពេញត្រឹមម៉ោង៩ ឬ ១០យប់ ទើបអាចចូលក្នុងក្រុងបាន ដោយមិនមានការហាមឃាត់អ្វីឡើយ ។

លោកឧត្តមសេនីយ៍ស្នងការរងនគរបាលរាជធានីភ្នំពេញរូបនេះ បន្តថា ដោយមើលឃើញពីការមិនគោរពតាមសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញនេះហើយ ទើបសមត្ថកិច្ចចុះត្រួតពិនិត្យ និងឃាត់រថយន្តដែលល្មើស និងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ជាក់ស្ដែងក្នុងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់រថយន្តធុនធំបានជាង២០គ្រឿង ដើម្បីណែនាំ និងធ្វើកិច្ចសន្យា ហើយឲ្យត្រឡប់ទៅវិញសិន ហើយបើមិនគោរពតាមការណែនាំនេះទេ សមត្ថកិច្ច និងអនុវត្តន៍តាមនីតិវិធី ដោយលើកទី១ គ្រាន់តែធ្វើកិច្ចសន្យា ហើយឲ្យត្រឡប់ទៅវិញ តែបើមានលើកទី២ និងបន្តបន្ទាប់ទៀត សមត្ថកិច្ច និងយកទៅរក្សាទុក ចាប់ពី២សប្ដាហ៍ឡើងទៅ ដោយមិនយោគយល់ចំពោះការខាតបង់របស់បងប្អូនឡើយ ៕ សណ្តោស


ចែករំលែក៖