ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីអប្រិយ៍ស្រវឹងជោក យកដើមសង្កែ វាយក្បាលប្រពន្ធ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីផឹកស្រាស្រវឹងជោករួចរករឿងប្រពន្ធ និងបានប្រើហិង្សាយកមែកដើមសង្កែ វាយក្បាលបណ្ដាលឲ្យបែកឈាមរងរបួសធ្ងន់ ។

ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិឫស្សីទទឹង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ យូ សារុំ អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះសុខ សុភា អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឫស្សីទទឹង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយរងរបួសក្បាលជាច្រើនកន្លែងត្រូវគ្រូពេទ្យកំពុងសង្គ្រោះ ។

តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើគឺផឹកស្រាស្រវឹងជាប្រចាំ មិនលួសថ្ងៃឡើយ ខណៈមកដល់ផ្ទះ តែងតែរករឿង និងបានប្រើហិង្សា វាយប្រពន្ធ ត្រូវបានកូនៗ និងអ្នកភូមិជួយឃាត់ផងដែរ ។

ប្រភពបន្តថា មុនពេលកើយហេតុ ឃើញបុរសខាងលើផឹកស្រាស្រវឹងជោក រួចត្រឡប់មកផ្ទះជេរប្រពន្ធកូនផ្អើលអ្នកភូមិ ប្រមាណ១៥នាទី ស្រាប់តែប្រពន្ធស្រែកថា ជួយផង ប្ដីវាយ ទើបអ្នកភូមិប្រញាប់ប្រញាល រត់មកជួយឃាត់ និងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍ និងឃាត់ខ្លួនតែម្ដង ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានបញ្ជូនស្ត្រីរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកស្វាយជ្រំ ដើម្បីព្យាបាលមុខរបួស ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅនគរបាលរដ្ឋបាលក្រោលគោ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖