ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឈ្នួលចតឈប់ចាប់ម៉ូយ យ៉ាងអនាធិបតេយ្យ បើកទ្វារមិនប្រយត្ន័បណ្តាលឲ្យប៉ះម៉ូតូរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ បាក់ដៃម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈ ជិះម៉ូតូ វ៉ាក់អើជាមួយរថយន្ត តាក់ស៊ី កំពុងចតឈប់យ៉ាងអនាធិបតេយ្យ បើកទ្វារចុះ ម៉ូតូបុក កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខហាងនំបុ័ងភ្នំពេញ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តតាក់ស៊ី ចតអនាធិបតេយ្យ ដើម្បីចាប់ម៉ូយ ម៉ាក សាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ 2A-2795 ជារថយន្តឈ្មួល ។ ចំណែកម៉ូតូរងគ្រោះ ម៉ាក ZOOMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG-9277 បើកបរដោយឈ្មោះ ឃុត សំនីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិស្វាយអន្ទរ ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រងរបួសបាក់ដៃស្តាំ ។

តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា លើផ្លូវជាតិលេខ៤ មុខហាងនំបុ័ងភ្នំពេញ ខាងលើ ឃើញមានរថយន្តឈ្នួល រថយន្តក្រុង តាស៊ី ចតឈប់ ដឹក ដាក់ម៉ូយ យ៉ាងអនាធិបតេយ្យ ពេកទៅហើយ យកផ្លូវជាតិមកធ្វើជាចំណតឈប់ ចាប់ ដឹក ដាក់ម៉ូយបាត់ទៅហើយ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវ បង្កគ្រោះថ្នាក់ផ្សេងៗ ជាញឹកញាប់ មកដល់ព្រឹកកើតហេតុនេះ ថ្មីទៀតហើយ ផ្តើមចេញពីរថយន្តតាក់ស៊ីឈប់ចត អនាធិបតេយ្យ លើដងផ្លូវ បង្កឡើងដោយរថយន្តសាំយ៉ុងខាងលើ ពេលឈប់លើដងផ្លូវហើយ គ្រាដែលអ្នកបើកបរ បើកទ្វារចុះមក មិនប្រយ័ត្នទៀត ធ្វើឲ្យ ជនរងគ្រោះជិះម៉ូតូមកពីក្រោយទិសដៅ ពីកើតទៅលិចមកបុកចំទ្វារ រថយន្តបណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណេករថយន្តបង្ក និងម៉ូតូ សមត្ថកិច្ចវាស់វែងយករថយន្តយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖