ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិកម្មភាពលម្អៀង របស់អាជ្ញាកណ្តាល ថ្ងៃប្រកួតរវាង នាគអាស៊ី នឹងMohahong All Star

ចែករំលែក៖

ភ្នំពេញ៖ ក្រុមបាល់ទាត់ Mohahong All Star បានឈ្នះការប្រកួតទៀតហើយ ក្នុងជំនួបប្រកួតជាមួយក្រុម នាគអាស៊ី កាលពីម្សិលមិញនេះ ជាលទ្ធផលរកគ្រាប់បាល់បាន 3-2 ក្នុងការប្រកួតដណ្តើមពាន KMH Champions League ឆ្នាំ២០១៩ ។ អ្វីដែលគួឲ្យចាប់អារម្មណ៍នោះគឺ ស្តែងឲ្យឃើញភាពលំអៀងរបស់ អាជ្ញាកណ្តាលមានទៅក្រុមម្ខាងៗ ធ្វើឲ្យអ្នកគាំទ្រប្រតិកម្ម និងមិនពេញចិត្តយ៉ាងខ្លាំង។

កាលពីម្សិលមិញនេះ ក្រុមបាល់ទាត់ មហាហង្ស បានប៉ះក្រុម នាគអាស៊ី ក្រោយពីប្រកួតយ៉ាងស្វិតស្វាញមក ជាលទ្ធផលឃើញថា ក្រុមមហាហង្ស ឈ្នះក្រុម នាគអាស៊ី ហើយគិតមកដល់ពេលនេះ ក្រុមមហាហង្សបានឈ្នះការប្រកួត ២ប្រកួត បាន៦ពិន្ទុឈរលើលេខ១ ហើយ ក្នុងការប្រកួតពាន KMH Champions League ប៉ុន្តែអ្វីដែលជាភាពមិនប្រក្រតីនោះ គឺភាពលំអៀង គ្មានតម្លាភាពរបស់ អាជ្ញាកណ្តាល បានធ្វើឲ្យក្រុមបាល់ទាត់ Mohahong All Star ជួបភាពអយុត្តិធម៌ និងមានកីឡាករជាច្រើនរងរបួស ដែលជាហេតុធ្វើឲ្យអ្នកទស្សនា និងអ្នកគាំទ្រក្រុមបាល់ទាត់មហាហង្ស ខកចិត្តនិងប្រតិកម្មចំពោះចរឹកលំអៀង របស់ អាជ្ញាកណ្តាល។

លោក អ៊ិន សុភិន បានប្រាប់ឲ្យដឹងថា សម្រាប់រឿងនេះ គឺជាការមើលឃើញរបស់អ្នកទស្សនា និងអ្នកគាំទ្រផ្ទាល់ លោកមិនចង់និយាយអ្វីច្រើនទេ ។ ប៉ុន្តែលោកក៏ ស្នើឲ្យអាជ្ញាកណ្តាលគួតែមានតម្លាភាព កុំលំអៀងទៅម្ខាងៗ ព្រោះថា ការធ្វើបែបនោះ ដូចជា បំបាក់ទឹកចិត្តកីឡាករចឹង ក្នុងនាមជាអាជ្ញាកណ្តាល ត្រូវតែមានតម្លាភាព និងភាពយុត្ថិធម៌ដល់កីឡាករ ក៏ដូចជាលើកទឹកចិត្តដល់វិស័យកីឡាផងដែរ ។

បើតាម លោក អ៊ិន សុភិន បានប្រាប់ឲ្យដឹងថា ការប្រកួតម្សិលមិញនេះ គឺមានការខំប្រឹងពីសំណាក់ កីឡាករ ក្នុងក្រុមច្រើនមែនទែន រហូតទទួលបានជោគជ័យ ព្រោះថាការប្រកួតមួយៗ ទម្រាំជោគជ័យមិនងាយស្រួលទេ តួយ៉ាងកាលពីម្សិលមិញនេះ មានកីឡាករ ក្នុងក្រុមប្រមាណ១១នាក់រងរបួស ហើយនេះជាលើកទី១ហើយសម្រាប់កីឡាករក្នុងក្រុម ដែលមានបញ្ហាបែបនេះ។ ហើយឆាប់ៗខាងមុខនេះបើមិនមានអ្វីប្រែប្រួលទេ ក្រុមបាល់ទាត់ Mohahong All Star និងប៉ះប្រកួត ជាមួយក្រុម អាណាចក្របៃតង នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ ។

សូមជម្រាបផងដែរថា ការប្រកួតម្សិលមិញនេះ មានតារាចម្រៀង លោក គូម៉ា ,លោក ភឹម តារាវិបុល, លោក សេង មង្គល ដែលមានឈ្មោះពិតថា (ហោ គឹមសេង) ,តារាផ្សេងៗ មួយចំនួនទៀត និងក្រុមបច្ចេកទេស របស់ផលិតកម្មមហាហង្ស ផងដែរ ៕ វឌ្ឍនា


ចែករំលែក៖