ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ ដើរតាមផ្លូវ ត្រូវរថយន្តបុកស្លាប់ ហើយបើករត់បាត់ស្រមោល

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសវ័យចំណាស់ម្នាក់ កំពុងធ្វើដំណើរ ដោយថ្នើរជើងតាមដងផ្លូវ ស្រាប់តែមានរថយន្ត មកបុកទាំងកម្រោល ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងអ្នកថ្មើរជើងនោះ បានកើតឡើងនៅវេលាម៉ោង២២និង១៣នាទី ថ្ងៃព្រហស្បតិ៍ ១១ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៧ពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង ត្រង់ចំណុចមុខផ្សារសាមគ្គី ភូមិសប្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ឈ្មោះ អុ៑ំ ទួច ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។ ឯរថយន្តបង្ក បន្ទាប់ពីកើតហេតុ បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ក្រោយកើត ហេតុសមត្ថកិច្ចបានប្រគល់ សាកសពឲ្យក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវន្ត័


ចែករំលែក៖