ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់រថយន្តដឹកទំនិញចេញចូលម៉ោងខុស ជាច្រើនគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ជាក់ស្តែងឃាត់បានរថយន្តធុនធំប្រភេទកង់១០ ចំនួន២០គ្រឿង ។
ឧត្តមសេនីយ៍ត្រី ចេវ ហាក់ បានឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ ទៅលើរថយន្តធុនធំ ប្រភេទកង់១០ ដែលមិនអនុញ្ញាតឲ្យចូលរាជធានីភ្នំពេញ ក្នុងនោះកម្លាំងជំនាញរបស់លោក បានដាក់ពង្រាយចំនួន ៣គោលដៅធំៗ។
លោកស្នងការរងបន្តថា គោលដៅធំៗនោះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ, ផ្លូវហាណូយ ខណ្ឌសែនសុខ, ផ្លូវលេខ៥៩៨ និងផ្លូវជាតលេខ៥ ក្នុងខណ្ឌឬស្សីកែវ ហើយការចុះអនុវត្តច្បាប់ចរាចរណ៍តាមគោលការណ៍ បានធ្វើឡើងតាមច្បាប់របស់សាលារាជធានីភ្នំពេញ ក៏ដូចជាក្រសួងមហាផ្ទៃ ដែលបានចេញនៅអនុក្រឹត្យនេះផងដែរ។
លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ បានឲ្យដឹងទៀតថា នៅក្នុងការចុះអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជា ការត្រួតពិនិត្យទៅលើរថយន្តធុនធំនេះ គឺចាប់ផ្ដើមតាំងពីព្រឹក រហូតដល់ល្ងាច ដោយកម្លាំងនគរបាលជំនាញ បានធ្វើការឃាត់រថយន្តធុនធំ បានចំនួន ២០គ្រឿង។
ដោយឡែក ចំពោះរថយន្តដែលកម្លាំងនគរបាលជំនាញបានធ្វើការឃាត់នោះ និងធ្វើការផាកពិន័យ ព្រមទាំងសុំគោលការណ៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការពន្យល់ណែនាំដល់ម្ចាស់អាជីវករ ដែលបើកមុខរបរ រថយន្តដឹកទំនិញធុនធំទាំងឡាយ ស្ដីអំពីច្បាប់អនុញ្ញាតឲ្យរថយន្តធុនធំ ចេញចូលមានម៉ោងកំណត់ត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ចំពោះរថយន្តដឹកទំនិញធុនធំទាំងអស់ មិនត្រូវអនុញ្ញាតឲ្យចូលក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១០យប់ នោះឡើយ ។
ជាចុងក្រោ យ លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ បានសំណូមពរដល់ម្ចាស់អាជីវកម្មទាំងឡាយ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងគោរពតាមគោលការណ៍ដែលសាលារាជធានីភ្នំពេញ បានដាក់ចេញ ហើយចំពោះម្ចាស់អាជីវកម្មណាដែលមិនគោរពតាមគោលការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ និងធ្វើការឃាត់រថយន្តទុករហូតដល់មានបទបញ្ជាថ្មីពីសាលារាជធានីភ្នំពេញ៕ ស តារា