ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមដោយលោក លោកស្រី គណៈអភិបាល លោក គណៈនាយករដ្ឋបាល, លោកស្រី អធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាប្រចាំខណ្ឌ, លោក លោកស្រីប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ, លោក លោកស្រីចៅសង្កាត់ទាំង១១, លោក លោកស្រីប្រធានផ្សារទាំង៣ និងលោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ ។
ក្នុងកិច្ចប្រជុំនោះដែលមានរបៀបវារៈចំនួន៦៖ ទី១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ។ ទី២. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌដូនពេញ។ ទី៣. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ចំណូល ចំណាយថវិកាឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ។ ទី៤. ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការលទ្ធកម្មខណ្ឌដូនពេញ។ ទី៥. ពិនិត្យ និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែមករា ឆ្នាំ២០១៩ ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ។
ទី៦. ការងារផ្សេងៗ៖ ផ្សព្វផ្សាយដីកាលេខ១០៩/១៨ ដក.តត.ធ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការតែងតាំងមន្ត្រីរាជការ បម្រើការក្នុងរដ្ឋបាលខណ្ឌដូនពេញ, ការងារចុះបង្ក្រាបបទល្មើសការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន, យុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវទូទាំងខណ្ឌ, ការចូលរួមប្រឡងប្រណាំងបង្គន់សាធារណៈស្អាត ៕ស តារា