ខេត្តក្រចេះ៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារបណ្តាលឲ្យរងរបួសយ៉ាងទម្ងន់ ខណៈដែលក្នុងពេលកំពុងផឹកស៊ី ហើយទាស់ពាក្យសម្តីគ្នាទប់កំហឹងមិនបាន ក៏បាញ់ប្រ៉ាវតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភើងបានបាញ់ប្រហារ ទៅលើមនុស្សម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ចំដើមទ្រូងធ្លាយក្រោមក្លៀក ហើយក៏បានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្ត ។
យោងតាមប្រភពបានឲ្យដឹងថា ជនបង្កជាខ្មាន់កាំភ្លើង បាញ់ប្រហារទៅលើជនរងគ្រោះនោះ ឈ្មោះ សៀង សុណាត ជាមន្ត្រីយោធាផ្នែកសឹករង ស្រុកសំបូរ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ហើយបានបាញ់ប្រហារមួយគ្រាប់ ត្រូវជនរងគ្រោះ ឈ្មោះ សាន សាមន ភេទប្រុស រស់នៅភូមិឃុំកើតហេតុខាងលើ ។
ក្នុងហេតុការណ៍នោះ បង្កឡើងក្នុងពេលកំពុងផឹកស៊ីដោយសារទាស់ពាក្យសម្តីគ្នា រួចជនសង្ស័យ ក៏បានបាញ់ជនរងគ្រោះចំដើមទ្រូងធ្លាយក្រោមក្លៀកតែម្តង ។
ប្រភពថា ជនសង្ស័យ ក្រោយពីបាញ់ប្រហារទៅលើជនរងគ្រោះរួចមក ក៏បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែបន្តសហការដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ ៕ ជីវន្ត័