ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមសំចត ឈ្នះរង្វាន់ទស្សនកិច្ច បចេ្ចកវិទ្យា ទៅប្រទេស សឹង្ហបុរីពីកម្មវិធី SmartStart 

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើឲ្យក្រុមគណៈកម្មការស្ងើចសរសើរនាអំឡុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃព្រហស្បតិ៍ ក្រុមសំចត ដែលជាកម្មវិធីទូរស័ព្ទដៃសម្រាប់ជួយសម្រួលឲ្យអ្នកបើកបរអាចស្វែងរកកន្លែងចតយានយន្ដរបស់ពួកគេបានកាន់តែងាយស្រួល ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator Program រដូវកាលទីពីរ ដោយបានឈ្នះរង្វាន់ដំណើរកំសាន្តទៅប្រទេសសឹង្ហបុរី។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានមានប្រសាសន៍ថា៖ “សូមអបអរសាទរដល់ក្រុមសំចតដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ ហើយព្រមទាំងបានជួយបង្កើនគុណភាពនៃសមិទ្ធិផលរបស់កម្មវិធីSmartStart។ ការបង្ហាញពីគំនិតអាជីវកម្មរបស់ពួកគេ ធ្វើឲ្យពួកយើងមានមោទនភាពណាស់ចំពោះការព្យាយាមរបស់ពួកគេនៅក្នុងកម្មវិធីនេះ។ កម្មវិធីផ្ដួចផ្ដើមបែបនេះ សបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងមានបរិយាកាសដ៏រីកចម្រើនសម្រាប់ក្រុមហ៊ុនទាំងឡាយដែលទើបនឹងបង្កើតថ្មី ហើយធនធានមនុស្សដែលពោរពេញដោយទេពកោសល្យ ក៏កំពុងជួយលើកស្ទួយបរិយាកាសនេះ ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ នេះគឺជាសញ្ញាដ៏វិជ្ជមានចំពោះទស្សនៈវិស័យរួមរបស់យើងក្នុងការបង្កើតសេដ្ឋកិច្ចឌីជីថលដែលមាននិរន្តរភាព។”
ក្រុមចំនួន៤ផ្សេងទៀតដែលបានចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្ររួមមានដូចជា ក្រុម Homex ដែលជាកម្មវិធីទូរស័ព្ទដៃមួយសម្រាប់ឲ្យអ្នកដែលត្រូវការជួសជុលផ្ទះ អាចភ្ជាប់ទំនាក់ទំនងជាមួយជាងដែលអាចទុកចិត្តបាន ក្រុម Haystome ដែលជាកម្មវីធីសម្រាប់ឲ្យភ្ញៀវទេសចរអាចទាក់ទងទៅកាន់សិល្បករខ្មែរ ដើម្បីទទួលបានបទពិសោធន៍សិល្បៈដ៏ពិសេស ក្រុម Malis ដែលជាកម្មវិធីសម្រាប់ឲ្យអតិចិជនណាត់ពេលវេលាជាមួយហាងថែរក្សាសម្ផស្ស និង ក្រុម Tos Rean ដែលជាកម្មវិធីផ្គូរផ្គងសិស្សនិងគ្រូបង្រៀន។ក្រុមទាំងប្រាំបានឈ្នះប្រាក់រង្វាន់ឧបត្ថម្ភចំនួន ៤,000 ដុល្លារអាមេរិក និងទទួលបានការចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកអាជីវកម្មរយៈពេល៦ខែកាលពីខែមិថុនា ឆ្នាំ២០១៨ជាមួយ Impact Hub ហើយបានចូលរួមប្រកួតកាលពីម្សិលមិញ នៅឯ Impact Hub Phnom Penh ដើម្បីដណ្ដើមយករង្វាន់ដំណើរកំសាន្ត “Tech Trip” ដែលទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង ទៅកាន់ប្រទេសសឹង្ហបុរី ដើម្បីធ្វើទស្សនៈកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Facebook Google និង Microsoft។
នី ច័ន្ទភិជ្ជមៀន ពីក្រុមសំចត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart និង Impact Hub ដែលបានបង្កើតកម្មវិធីបច្ចេកវិទ្យាដ៏ស៊ីជម្រៅមួយនេះ។កញ្ញាបាននិយាយថា៖“ក្រុមរបស់ខ្ញុំនិងខ្លួនខ្ញុំផ្ទាល់បានខិតខំយ៉ាងខ្លាំងដើម្បីកែសម្រួលគោលគំនិតផលិតផលរបស់យើង។ ទោះបីជាយើងប្រឈមនឹងសម្ពាធច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក៏ដោយ ក៏ពួកយើងសូមថ្លែងអំណរគុណចំពោះអ្នកប្រឹក្សាដ៏មានបទពិសោធន៍ពី Impact Hub និង Smart ដែលបានជួយនាំផ្លូវពួកយើងរហូតដល់ យើងអាចដាក់ឲ្យដំណើរការកម្មវិធីឌីជីថលរបស់យើង។ ដោយសារផលិតផលនិងសេវាកម្មឌីជីថលរបស់យើងកាន់តែមានប្រជាប្រិយភាពនៅកម្ពុជា ពួកយើងនឹងប្រើភាពជោគជ័យនេះសម្រាប់ធ្វើជាស្ពានចម្លងឆ្ពោះទៅកាន់ការកសាងភាពជោគជ័យបន្ថែមទៀត ទៅថ្ងៃមុខ។”
កញ្ញា Mélanie Mossard នាយកផ្នែកសហគមន៍នៅ Impact Hub ភ្នំពេញ បានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី។“កម្មវិធីSmartStartវគ្គពីរនេះ គឺពិតជាមានគុណភាពនិងការព្យាយាមដ៏ពិសេសអស្ចារ្យ។ ខ្ញុំមានអារម្មណ៍រីករាយក្រៃលែងដែលបានឃើញក្រុមនិស្សិតរបស់យើងឆ្លើយតបយ៉ាងសកម្មទៅនឹងមតិយោបល់ណែនាំនិងសិក្ខាសាលាទាំងឡាយនាអំឡុងពេលបណ្ដុះបណ្ដាល។ ខ្ញុំពិតជាស្ងើចសរសើរចំពោះការប្ដេជ្ញាចិត្តនិងឆន្ទៈរបស់ពួកគេដែលចង់សិក្សានិងទទួលបានបទពិសោធន៍ថ្មីៗ ក៏ដូចជាឱកាសផ្សារភ្ជាប់ទំនាក់ទំនងថ្មីៗផងដែរ។ សមាជិក Impact Hub របស់យើងទាំងអស់ ពិតជាចង់ឃើញក្រុមទាំងអស់អភិវឌ្ឍគំនិតរបស់ពួកគេបន្ថែមទៀត ព្រមទាំងប្រើប្រាស់ការគាំទ្រជាបន្តបន្ទាប់ពីពួកយើង សម្រាប់ជួយត្រួសត្រាយផ្លូវរបស់ពួកគេក្នុងដំណើរសហគ្រាសនេះ។”
គួរបញ្ជាក់ថាSmartStartគឺជាកម្មវិធីរយៈពេល៩ខែដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart និង Impact Hub ដែលមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងអប់រំ យុវជននិងកីឡា។ កម្មវិធីនេះមានគោលបំណងចង់ជួយឲ្យនិស្សិតសកលវិទ្យាល័យឆ្នើមនៅកម្ពុជា អាចមានឱកាសធ្វើឲ្យគោលគំនិតអាជីវកម្មរបស់ពួកគេមានដំណើរការទៅមុខ។ និស្សិតដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង បានចូលរួមវគ្គ Hackathon ព្រមទាំងវគ្គ Technopreneurship Challenge រយៈពេលប្រាំថ្ងៃ ដែលផ្ដោតលើការផ្ដល់ដំបូន្មានពីអ្នកជំនាញ និងសិក្ខាសាលាដ៏ល្អិតល្អន់ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ៤,០០០ ដុល្លារអាមេរិកនិងការគាំទ្ររយៈពេល ៦ ខែជាមួយ Impact Hub ៕ វឌ្ឍនា

ចែករំលែក៖