ព័ត៌មានទាន់ហេតុការណ៍៖

ចោរសុីផុយរថយន្តម៉ាក បាឡែន ១គ្រឿងទៀតហើយ នៅស្រុកកណ្តៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្ត ១គ្រឿងម៉ាក Camry បាឡែន ស៊េរី ឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-0500 ដែលចតក្នុងរបងក្រៅផ្ទះរួចបើកគេចបាត់ដោយសុវត្ថិភាព សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធបានត្រឹមសហការចុះស្រាវជ្រាវ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះឈ្មោះ ស៊ុយ ផេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់រថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD 0500 ស្ថិតក្នុងភូមិ.ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឱ្យដឹងថា មុនកើតហេតុគាត់ម្ចាស់រថយន្តចតទុកនៅមុខផ្ទះ (ក្នុងរបង) រួចចាក់សោទ្វាររបងត្រឹមត្រូវ ក៏ចូលសម្រាកដូចសព្វមួយដង លុះទៀបភ្លឺភ្ញាក់ពីដំណេកបាត់រថយន្តមិនឃើញ ក៏បង្កការភ្ញាក់ផ្អើលឡើងតែម្តង។

ប្រភពព័ត៌មានបន្តទៀតថា បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនសង្ស័យអាចធ្វើសកម្មភាពចូលកាត់សោរទ្វាររបងផ្ទះចូលលួចយករថយន្ត ក្នុងចន្លោះរំលងអធ្រាត្រ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ រថយន្តម៉ាក កាមរីបាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1807 ជាកម្មសិទ្ធិរបស់ឈ្មោះ ញឹម រដ្ឋា អាយុ ៤៩ឆ្នាំ ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ ត្រូវបានក្រុមជនសង្ស័យ(ចោរ) លួចយកចេញពីក្នុងរបងមុខផ្ទះដោយសុវត្ថិភាពដូចគ្នា ដែលស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀងដែរនោះ ឥឡូវសុីផុយ ១គ្រឿងទៀតហើយ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធបានត្រឹមសហការ ចុះធ្វើកំណត់ហេតុរួចថាកំពុងស្ថិតក្នុងការស្រាវជ្រាវ ៕ បឹុម ពិន


ចែករំលែក៖