ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលព័ត៌មាននគរវត្តប្រារព្ធខួប១០ឆ្នាំដំណើរការចេញផ្សាយ កាសែត ទស្សនាវដ្តី គេហទំព័រ និង រោងពុម្ពព្រះនារាយណ៍

ចែករំលែក៖

ភ្នំពេញ៖ នៅ ថ្ងៃសុក្រ ១២ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មជ្ឈមណ្ឌលព័ត៌មាននគរវត្តបានប្រារព្ធខួបអនុស្សាវរីយ៍​១០ឆ្នាំនៃដំណើរ​ការចេញផ្សាយ កាសែត ទស្សនាវដ្តី គេហទំព័រ និង រោងពុម្ពព្រះនារាយណ៍ ក្រោមអធិបតី លោក ទូច គង្គា ជាទីប្រឹក្សា និងលោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន​នគរវត្ត និងមានការចូលរួមពី ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និងអ្នកយកព័ត៌មាន ក្រុង ខេត្ត ជាច្រើននាក់។

ក្នុងឱកាសនោះក៏មានបើកកិច្ចប្រជុំមួយដើម្បីស្តាប់របាយការណ៍ និងសំណូមពរសំខាន់ៗ​ជា​ច្រើន គ្រប់ផ្នែក និងជាពិសេសអ្នកយកព័ត៌មានខេត្ត-ក្រុង ក្នុងការបំពេញការងារឆ្លងកាត់ការ លំបាកនិងងាយស្រួលពេញមួយឆ្នាំ(២០១៨) បន្ទាប់ពីអង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្ត បានដំណើរ​ការ​ចេញផ្សាយកាសែត ទស្សនាវដ្តី គេហទំព័រ និងរោងពុម្ពព្រះនារាយណ៍ មានរយៈ​ពេល១០​ឆ្នាំ ទទួលបានការស្ងើចសរសើរពីមហាជន អតិថិជន ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាល ។ ជាមួយនេះដែរ មជ្ឈមណ្ឌលព័ត៌មាននគរវត្ត ក៏បានលើកទិសដៅអនុវត្ត ផែនការ ឆ្នាំ២០១៩ ដើម្បីបម្រើវិស័យព័ត៌មានឲ្យកាន់តែលឿន រហ័ស មានភាពត្រឹមត្រូវ មិនក្លែងក្លាយ និង តម្លាភាព ជាការឆ្លើយតបតាមសេចក្តី ត្រូវការរបស់មហាជន ។

រាល់ការងាយស្រួល ការលំបាក និងសំណូមពរតាមមុខព្រួញនីមួយៗ ត្រូវបានលោកទីប្រឹក្សា និង លោកស្រីអគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ត ទទួលធ្វើការដោះស្រាយដោយតម្លា​ភាព និងបានជំរុញ ឲ្យគ្រប់ផ្នែក គ្រប់ជំនាញ ត្រូវតែយកចិត្តទុកដាក់បំពេញការងារឲ្យកាន់តែ ប្រសើរឡើងថែមទៀត ប្រយោជន៍បម្រើវិស័យព័ត៌មានចូលជ្រៅក្នុងមហាជន ស្របពេលដែល ពិភពលោកកំពុងមានភាពជឿនលឿនផ្នែកបច្ចេកវិជ្ជា ។

បន្ទាប់មកក៏មានរៀបចំផ្តល់រង្វាន់ដ៏មានតម្លៃជាច្រើនដល់បុគ្គលមានស្នាដៃច្នើម ប្រចាំឆ្នាំ​២០​១៨ ព្រមទាំងមានរៀបចំពិធីពិសាអាហារសាមគ្គី ដោយមានការប្រគុំតន្រី្តរាំច្រៀងកំដរផង ញ៉ាំងឲ្យពិធីនេះមានភាពស្និទ្ធស្នាលនិងសប្បាយរីករាយហួសពីការស្មានផងដែរ ៕ ប្រាថ្នា


ចែករំលែក៖