ខេត្តកំពង់ស្ពឺ៖ នារីម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្ភពសុខណា ខណៈកំពុងបើកបរម៉ូតូត្រូវរថយន្តមកបុកពេញទំហឹង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង៥៥នាទី នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៥៥-៥៦ ចំណុចភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ឆ្នូត ស ពាក់ស្លាកលេខ ភ្នំពេញ ៣B.៨១២៤ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត១គ្រឿង ម៉ាកហាន់ដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២X.២៩១៧ បើកបរដោយឈ្មោះ ប្រាក់ គណៈមុនី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅ ផ្ទះE១២ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ភ្នំពេញ ដែលកំពុងបើកបរស្របទិសគ្នា ហើយរថយន្តម៉ាក ហាន់ដេ បានជ្រុលទៅបុកម៉ូតូ ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ហេង ខែមរិន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិព្រំលលក ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងបើកបរពីកើតទីលិច បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យសម្ភពសុខណា ។
រថយន្ត២គ្រឿង និងម៉ូតូ១គ្រឿងខូចខាត់ ត្រូវនគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីដោះស្រាយបន្ត៕ សេនាស័ក្តិ