ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិអ៊ីស្រាអែលម្នាក់ នៅក្រុងស្វាយរៀង ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនបានក្នុងផ្ទះសំណាក់ជីងឡុង និងវត្ថុតាងមួយចំនួនថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងផ្ទះសំណាក់ ជីង ឡុង ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

ពាក់ពន្ធ័ករណីនេះ លោក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ដោយមានការសុំសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យអន្តោប្រវេសន៍ មន្ទីរសុខាភិបាលខេត្ត អធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងអាជ្ញធរមូលដ្ឋានពាក់ព័ន្ធ ចុះបង្ក្រាបមុខសញ្ញាសង្ស័យរក្សាទុកសារធាតុ​គីមីផ្សំ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ១នាក់ និងបញ្ជូនទៅសាកសួរ និងធ្វើតេស្តទឹកម៉ូត្រលទ្ធផលមានជាតិកញ្ឆា ។

ជនជាតិអ៊ីស្រាអែលនោះមានឈ្មោះ Trillessky Ran ភេទប្រុស អាយុ​៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ២៣២៩៣៤១២ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ។

វត្ថុតាងដែលសមត្ថកិច្ចដតហូតបាន រួមមាន៖ ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង កុំព្យូទ័រយួរដៃ២គ្រឿង ម៉្សៅ Depakine chrono មានសារធាតុជាមេតំហ្វេតាមីនចំនួន ១កញ្ចប់ធំ រុក្ខជាតិ និងសារធាតុគីមីផ្សំចំនួន ២១មុខផ្សេងទៀត ថ្នាំពេទ្យគ្រប់ប្រភេទជាង ២,៣គីឡូក្រាម (បានប្រគល់ឲ្យមន្ទីរសុខាភិបាលរក្សាទុក) ថវិកា និងសម្ភារមួយចំនួន ។

បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ យឹម សុថាន


ចែករំលែក៖