ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ខណៈអ្នកភូមិក៏ដូចជាម្ចាស់ផ្ទះរត់ខ្វែងដៃខ្វែងជើង ខំជួយបាញពន្លត់ ប៉ុន្តែអកុសលភ្លើងឆេះពេញក្រមុំមិនអាចពន្លត់បាននោះទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃអាទិត្យ ១៤ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សុន ម៉ៅ អាយុ ៣៣ ឆ្នាំមុខរបរកសិករ រស់នៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ចំណែកផ្ទះដែលរងការឆាបឆេះមានទំហំ៧ម៉ែត្រគុណ និង៦ម៉ែត្រ សង់ពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស៊ីប្រូ ស៊ីម៉ង់ត៍ខូចខាតទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់ មួយចំនួនធំ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែកបណ្ដាលឲ្យមានការឆាបឆេះនេះ ដោយសារតែការធ្វេសប្រហែសដុតភ្លើងចំបើងក្រោម្ទះចោលភ្លេចខ្លួន បង្កឲ្យមានអណ្ដាតភ្លើង និងឆេះសន្ធោរសន្ធៅតែម្ដង ។
លុះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុមារងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងក៏ បាននាំយកអំណោយមនុស្សធម៌ របស់សាខា ទៅសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះ ផងដែរ៕ យឹម សុថាន