ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលជួបប្រតិភូសមាគមបញ្ញវន្តមុស្លីមឥណ្ឌូណេស៊ី ពិភាក្សាអំពីគម្រោងដែល កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំ សហភាពបញ្ញវន្តមុស្លិមអាគ្នេយ៍ ចុងខែមីនា នេះ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត Mohammad Najib ប្រធានទំនាក់ទំ នងកិច្ចការបរទេស របស់សមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមឥណ្ធូណេស៊ី និងសហការី អញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសហភាពបញ្ញវន្តមុស្លិមកម្ពុជា ក្នុងនេះក៏មានវត្តមានរបស់សមាជិក សមាជិកា នៃសហភាពបញ្ញវន្តមុស្លិមកម្ពុជា ជាច្រើនរូបផងដែរ។ ជំនួននេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃចន្ទ១៥រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៏ មុស្លិមកម្ពុជា ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជំនួបពិភាក្សានេះ បានផ្តោតសំខាន់ទៅលើ កិច្ចប្រជុំលើកទី២ ដើម្បីសម្រេចបន្ថែម ប្រទេសមួយចំនួនទៀតក្នុងអាស៊ីអាគ្នេយ៍ ចូលជាសមាជិក និងសមាជិកសង្កេតការណ៍ របស់សហភាពបញ្ញវន្តមុស្លិមឭអាគ្នេយ៍ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្រោយពីសមាគមនេះត្រូវបានប្រកាសបង្កើតជារូបរាង ក្នុងកិច្ចប្រជុំមួយនៅទីក្រុងឡាំប៉ុង ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃ៦-៨ ខែធ្នូ ២០១៨ ក្រោមអធិបតីភាព ប្រធានាធិបតីឥណ្ឌូណេស៊ី លោកJoko Widodo។

លោក Dr Mohammad Najib បានបញ្ជាក់ថា ៖ការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ មិនមែនក្នុងហេតុផលមួយសំដៅដល់ការលើកកំពស់នៅក្នុងក្របខណ្ឌសហគមន៍ឥស្លាមតែប៉ុណ្ណោះទេ ប៉ុន្តែវាជាការជំរុញដល់បញ្ញវន្តមុស្លីមក្នុងប្រទេសអាស៊ីអាគ្នេយ៍ ធ្វើជាកម្លាំងចលករដ៏សំខាន់របស់ជាតិ ដើម្បីចូលរួមក្នុងការលើកកំពស់ធនធានមនុស្ស សេដ្ឋកិច្ច និង ការអភិវឌ្ឍន៍ប្រទេស ព្រមទាំងពង្រឹងទំនាក់ទំនងរវាងស្រទាប់បញ្ញវន្តដែលជាធនធានមនុស្សដ៏សំខាន់ របស់ប្រទេសសមាជិក។

លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំខាងមុខ ដែលគ្រោងនឹងធ្វើការរៀបចំនាចុងខែមីនា ២០១៩នេះ ហើយលោកក៏បានស្នើអោយភាគីឥណ្ឌូណេស៊ី ជាប្រទេសផ្តួចផ្តើមបង្កើតសមាគមនេះមុនគេ សូមពន្លឿនពង្រាងលក្ខន្តិក្កៈ ដើម្បីផ្តល់ជូនប្រទេសសមាជិក ជាពិសេសកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ក៏ត្រូវការពិនិត្យអោយបានហ្មត់ចត់ ដើម្បីឯកភាពលើសេចក្តីព្រាង មុននឹងរៀបចំអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់ និងភាគីចាំបាច់ ចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ ៕ សំរិត


ចែករំលែក៖