ខេត្តស្វាយរៀង៖ មន្ត្រីជំនួយការច្រកទ្វារព្រំដែន អន្តរជាតិបាវិតខេត្តស្វាយរៀង លោក ពុទ្ធ សុទ្ធាកែវ បានឲ្យអ្នកសារព័ត៌មានដឹងថា រយៈពេលពេញ១ឆ្នាំ២០១៨ កន្លងទៅនេះ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានភ្ញៀវជាតិអន្តរជាតិ ឆ្លងកាត់ចូល សំរាក កំសាន្ត ទស្សនាប្រាង្គប្រាសាទ លំហែកាយតាមរម្មណីយដ្ឋាននានា ក្នុងប្រទេសកម្ពុជា ចំនួន ៨២៣,៣៤១នាក់ មាន១៦១សញ្ជាតិ។
ដោយឡែកភ្ញៀវចូលមកលេងកំសាន្តនៅកាស៊ីណូ និងក្លិបកំសាន្តតំបន់បាវិត មានចំនួន៤២៩,៥៨៩នាក់ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម ចិន កូរ៉េ ហ្វីលីពីន សិង្ហបុរី និងជាតិសាសន៍ផ្សេងៗទៀត។
លោក ពុទ្ធ សុទ្ធាកែវ បានបញ្ជាក់ថា កត្តាដែលច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានភ្ញៀវកើនឡើង មកពីមន្ត្រីជំនាញបានអនុវត្តភារកិច្ចរួមទទួលខុសត្រូវ ទៅតាមជំនាញ តាមរយៈសម្របសម្រួលជូនភ្ញៀវបានល្អ និងទាន់ពេលវេលា ពិសេសច្រកទ្វារមានសុវត្ថិភាព និងអនាម័យល្អ ។
គួរបញ្ជាក់ថា ខេត្តស្វាយរៀង ជាខេត្តមួយមានព្រំដែនជាប់នឹងប្រទេសវៀតណាម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បើកច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ គឺច្រកទ្វារព្រំដែនបាវិត ស្ថិតនៅក្នុងក្រុងបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ ស្ថិតនៅក្នុង ឃុំថ្មី ស្រុកកំពង់រោទ៍ បច្ចុប្បន្នច្រកទ្វារ ព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ មិនសូវមានភ្ញៀវឆ្លងកាត់ ចេញចូលដូចច្រកទ្វារព្រំដែនអន្តរជាតិបាវិតទេ ដោយសារផ្លូវគមនាគមន៍មិនអំណោយផល ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផងដែរ ៕ យឹម សុថាន