ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងជល់មាន់នៅខាងក្រោយវត្តចំប៉ា

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងជល់មាន់មួយកន្លែងនៅខាងក្រោយវត្តចំប៉ា ស្ថិតក្នុងភូមិជ្រោយ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបចាប់បានមាន់៩ក្បាល ទ្រុងសំរាប់ក្រុងមាន់ជាង១០ និងចាប់ខ្លួនមនុស្សម្នាក់ ក្រោយមកបានរត់គេចខ្លួនបាត់នៅគ្រាដែលសមត្ថកិច្ចមានការធ្វេសប្រហែស។

ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងលោករស់ សុភក្តិ អភិបាលរងខណ្ឌ ។ ក្នុងពេលកម្លាំងចុះបង្ក្រាប អ្នកលេងជល់មាន់រត់ចែក ផ្លូវគ្នាហុយដីសំពោង អ្នកខ្លះរត់បុកសសរផ្ទះ អ្នកខ្លះរត់ចូលពួនក្នុងព្រៃត្រែង ។

លោករស់ សុភក្តិ អភិបាលរងខណ្ឌបាន ប្រាប់ថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ លោកអភិបាលខណ្ឌបានដឹកនាំកម្លាំងចម្រុះបង្ក្រាបទីតាំងជល់មាន់ដែសម្ងំលេងនៅក្នុងតំបន់និគមន៍ជនវៀតណាម រស់នៅខាងក្រោយវត្តចំប៉ា ជាលទ្ធផលសមត្ថកិច្ចចាប់បានមាន់៩ក្បាល ទ្រុងសម្រាប់ក្រុងមាន់ជាង១០ ដោយឡែកអ្នកលេងជល់មាន់រត់គេចខ្លួនបាត់ ។ នេះជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ ភូមិ_សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ឈានទៅលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះល្បែងស៊ីសងជាប្រភពនៃការកើនមានបទល្មើសចោរកម្ម និងជួញដូរថ្នាំញៀន ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមផ្តល់ព័ត៌មានពីទីតាំងល្បែងស៊ីសង មុខសញ្ញាក្មេងទំនើង មុខសញ្ញាចំណូលថ្មី មុខសញ្ញាប្រើប្រាស់ និងចែកចាយថ្នាំញៀនដើម្បីងាយស្រួលដល់សមត្ថកិច្ចបើកការស៊ើបអង្កេត និងបង្ក្រាប មួយផ្នែកទៀត រាល់ព័ត៌មានដែលបានផ្តល់ឲ្យ សមត្ថកិច្ច រក្សាការសម្ងាត់ជូនហើយ ក៏មានន័យថា បងប្អូនប្រជាពលរដ្ឋបានចូលរួមចំណែកអនុវត្តគោលនយោបាយ ភូមិ_សង្កាត់ មានសុវត្ថិភាព ជាមួយអាជ្ញាធរ ៕ សណ្តោស


ចែករំលែក៖